អត្ថន័យពណ៌ និងចិត្តគំនិតរបស់មនុស្ស



ពណ៌សុទ្ធតែមានន័យរបស់វា ហើយមានទំនាក់ទំនងទៅនឹងចិត្ត គំនិតរបស់មនុស្ស។ ចង់ដឹងថាមានន័យ និងទំនាក់ទំនងយ៉ាងណា  ពេលនេះ Architecture & Art សូមយកមកបង្ហាញដូចខាងក្រោម៖

ពណ៌ក្រហម
ពណ៌ក្រហម បង្ហាញពីអំណាច និងថាមពល។ ដោយសារតែពណ៌ក្រហមគឺជាពណ៌នៃឈាម ដូច្នេះវាតំណាងឲ្យភាពក្លៀវ ក្លា ពុះកញ្ជ្រោល ស្អប់ ការសងសឹក កំហឹង និងភាពរុងរឿងនៃជីវិត។ ម្យ៉ាងវិញទៀតពណ៌នេះបង្ហាញពីថាមពលនៃសេចក្ដី ស្នេហាតណ្ហានិងអាចដាស់អារម្មណ៍សម្ពន្ធភាពផ្លូវភេទ។ ដោយឡែកនៅប្រទេសចិន គេចាត់ទុកថាពណ៌ក្រហមតំណាង ឲ្យសេចក្ដីសុខសុភមង្គល។ រីឯនៅប្រទេសឥណ្ឌាតំណាងឲ្យភាពបរិសុទ្ធ។

ពណ៌ទឹកក្រូច
វាបង្ហាញពីគំនិតល្អិតល្អន់ កម្លាំងចិត្ត និងសេចក្ដីអំណត់ព្យាយាម។ វាជាពណ៌តំណាងនៃពន្លឺស្រទន់របស់ព្រះអាទិត្យពេល ព្រឹកព្រលឹម ប្រៀបបានទៅនឹងការចាប់ផ្ដើមថ្មី គំនិតថ្មី និងសេរីភាព។ បន្ថែមពីនេះទៅទៀតនោះ ពណ៌នេះដាស់អារម្មណ៍របស់អ្នកឲ្យកាន់តែមានចំណង់ចង់បរិភោគ អាហារ។

ពណ៌លឿង
វាតំណាងឲ្យភាពរីករាយ សេចក្ដីសុខ ភាពវៃឆ្លាត និងប្រាជ្ញា។ ពណ៌នេះក៏បង្ហាញពីគំនិតសុទិដ្ឋិនិយមដែលចេញពីការគិតជាជាងចេញ ពីបេះដូង ឬសេចក្ដីស្រលាញ់។ ម្យ៉ាងពណ៌នេះអាចតំណាងឲ្យមាស ដូច្នេះវាបង្ហាញពីគុណតម្លៃ និងវិសាល ភាព។ មួយវិញទៀតពណ៌លឿងអាចជួយជំរុញឲ្យអ្នកមានអារម្មណ៍មូល និងមានគំនិតថ្មី។

ពណ៌បៃតង
ពណ៌នេះជាពណ៌ធម្មជាតិ តំណាងឲ្យជីវិត និងជីវជាតិ។ វាក៏តំណាងឲ្យសេចក្ដីទៀងត្រង់ មិនលំអៀង និងវិនិច្ឆ័យ។ ម្យ៉ាង ទៀតពណ៌បៃតងគឺជាពណ៌នៃភាពរុងរឿង និងសម្បូរដោយផ្នែកហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិ។ វាត្រូវបានគេជឿថាជាពណ៌ ដែលអាចព្យាបាលភ្នែក។ អ្នកគួរបរិភោគចំណីអាហារមានពណ៌បៃតងដើម្បីឲ្យសុខភាពល្អ។

ពណ៌ខៀវ
ពណ៌នេះតំណាងឲ្យពណ៌របស់មេឃនិងសមុទ្រ។ វាតំណាងឲ្យភាពជឿជាក់ សេចក្ដីស្មោះត្រង់ការទទួលខុសត្រូវមិត្តភាព និងភាពអំណត់ព្យាយាម។ ពណ៌នេះបង្ហាញពីឧត្ដមគតិ ការទទួលខុសត្រូវចំពោះការពិភាក្សា ការប្ដេជ្ញាចិត្តចំពោះការ សិក្សា និងគ្រួសារ។ វាជាពណ៌ដែលស័ក្តសមបំផុតសម្រាប់ប្រើក្នុងផ្ទះ ជាពិសេសសម្រាប់កុមារ ព្រោះវាជាពណ៌ត្រជាក់ធ្វើឲ្យអ្នកមានអារម្មណ៍ស្ងប់ និងមិនឆេវឆាវ។

ពណ៌ស្វាយ
ពណ៌នេះត្រូវបានគេប្រើប្រាស់ជានិមិត្តរូបនេះវេទមន្ត និងភាពអាថ៌កំបាំង។ បន្ថែមពីនេះទៅទៀតនោះ វាតំណាងឲ្យក្ដីស្មោះត្រង់នៃគំនិត និងអារម្មណ៍។ វាក៏បង្ហាញពីភាពជឿជាក់លើខ្លួនឯង និងចូលចិត្តធ្វើអ្វីដោយខ្លួនឯង។

ពណ៌ផ្កាឈូក
ពណ៌ផ្កាឈូកគឺជាពណ៌ដែលបញ្ជាក់ពីសេចក្ដីស្រលាញ់ និងស្នេហាគ្មានលក្ខខណ្ឌ។ ក្នុងនិយមន័យស្នេហាពណ៌ផ្កាឈូកគេប្រៀបបាននឹងប្រយោគមួយថា “ខ្ញុំនឹងមិនភ្លេចអ្នកជារៀងរហូត។ ម្យ៉ាងទៀតវាតំណាងឲ្យការទទួលយកនូវសេចក្ដី ស្នេហា និងគោរពចំពោះគ្នា។ វាក៏បង្ហាញពីភាពស្រស់ថ្លាក្នុងភាពជាយុវវ័យរបស់យុវតី។ តាមចិត្តវិទ្យាពណ៌នេះតំណាងឲ្យសេចក្ដីសង្ឃឹម អារម្មណ៍ជ្រះថ្លា និងអ្វីៗគ្រប់យ៉ាងគឺមិនមានបញ្ហា។

ពណ៌ត្នោត
ពណ៌ត្នោតគឺជាពណ៌នៃផែនដីផ្សារភ្ជាប់ទៅនឹងជីវិត។ វាតំណាងឲ្យចំណងមិត្តភាព និងការរាក់ទាក់។ តាមន័យចិត្តវិទ្យា និយមន័យនៃពណ៌ត្នោតនេះ គឺបញ្ជាក់ពីសេចក្ដីទៀងត្រង់ និងប្រាកដនិយម។ បន្ថែមពីនេះទៅទៀត ពណ៌នេះស័ក្តសមបំផុតសម្រាប់ផលិតផលដែលទាក់ទងនឹងសុខភាព និងកសិកម្ម។

ពណ៌ស
វាតំណាងឲ្យភាពបរិសុទ្ធ និងសេចក្ដីល្អ។ ពណ៌នេះបង្ហាញពីភាពគ្មានមន្ទិល និងជ្រះថ្លា ហេតុដូច្នេះហើយបានជាកូនក្រមុំ និងគ្រូពេទ្យជ្រើសរើសពាក់ពណ៌ស។ លើសពីនេះទៅទៀតនោះ វាបញ្ជាក់ពីការយកចិត្តទុកដាក់ ថែរក្សា សេចក្ដីក្លាហាន ភាពកក់ក្ដៅ ក្តីសង្ឃឹមជាវិជ្ជមាន និងការចាប់ផ្ដើមសារជាថ្មី។

ពណ៌ខ្មៅ
វប្បធម៌ប្រទេសខ្លះចាត់ទុកថាពណ៌នេះតំណាងឲ្យសេចក្ដីស្លាប់ និងការកាន់ទុក្ខ។ ម្យ៉ាងវិញទៀតពណ៌នេះគេចាត់ទុកវាប្រៀបបានទៅនឹងអាថ៌កំបាំង និងភាពខ្មៅងងឹត។ ផ្ទុយទៅវិញតាមន័យចិត្តវិទ្យា ពណ៌នេះតំណាងឲ្យថាមពល ការគ្រប់ គ្រងពោរពេញដោយអំណាចផ្ដាច់ការ។មួយវិញទៀតពណ៌នេះអាចធ្វើឲ្យអ្នកមាន អារម្មណ៍ថាសោកសៅនិងអស់សង្ឃឹម។
ក្នុងចំណោមពណ៌ខាងលើ ពណ៌មួយណាដែលអ្នកចូលចិត្ត?

ប្រភព: Facebook

Post a Comment

0 Comments