រឿងនិទាន«វិទ្យាល័យខ្មោច»


«វិទ្យាល័យខ្មោច»

មានវិទ្យាល័យមួយកាលពីមុនជាអតីតមន្ទីរពេទ្យសម្រាប់ព្យាបាលទាហានដែលប្រឈមមុខ ក្នុងសមរភូមិ។ នៅពេលដែលអ្នកជំងឺស្លាប់ជាបន្ដបន្ទាប់ គេបានយកសាកសពទៅកប់ចោល នៅខាងក្រោយ តែមានភាពស្អាតស្អំជាងផ្នូរដែលរាយប៉ាយកាលពីសម័យសង្គ្រាម។ ជារៀងរាល់យប់ គេតែងឮសំឡេងថ្ងូរ រហ៊ឹះរបស់អ្នកជំងឺដែលត្រូវគ្រាប់ គ្រុនចាញ់ និងឈឺផ្សេងៗមិនលស់ម៉ោង។

ក្រោយសង្គ្រាមបញ្ចប់ ទីតាំងនោះត្រូវបានកែប្រែទៅជាវិទ្យាល័យ តែអគារធំត្រូវរក្សាដដែល ដោយកែលម្អរទៅជាថ្នាក់រៀនវិញ មានកម្ពស់៣ជាន់។ ចំនែកផ្នូរត្រូវបានគាស់ យកចេញអស់ ដោយឡែកផ្នូរអនាមិកត្រូវរាត់រាយ នៅពេលគេស្ថាបនាអគារថ្មី ហើយឈូសដីចេញមកសុទ្ធតែក្បាលខ្មោច។

ច្រើនឆ្នាំកន្លងផុតទៅ អ្វីៗផ្លាស់ប្ដូរទាំងស្រុង តែមានរបស់ម្យ៉ាងនៅដដែល។ កាលពី១០ឆ្នាំមុន ម៉ោងប្រហែល៦ល្ងាច សិស្សកំពុងតែរៀនគួរភាសាអង់គ្លេស ពេលល្ងាច នៅជាន់ទី២។ រំពេចនោះ ភ្លើងក៏ដាច់ព្រឹប ធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលព្រោះងងឹត ណាមួយ នៅតាមខេត្ដគ្មានអគ្គិសនីច្រើនដូចសម័យឥលូវទេ។ គ្រប់គ្នាកំពុងរៀបប្រដាប់ប្រដាចេញទៅផ្ទះ ព្រោះតែមិនអាចចាំបាន ស្រាប់តែត្រូវផ្អាកសិន ព្រោះឮស្នូរសន្ធឹកជើង រត់នៅជាន់ទី៣ក្ដុងក្ដាំង។ ខ្យល់បក់រំភើយៗនាល្ងាចក្នុងហេមន្តរដូវ តែហាក់មិនស្រួលពីល្ងាចទើបគ្មានមនុស្សរៀនច្រើន។

នៅជាន់ទី២នេះ មានថ្នាក់រៀនចំនួន៣ ឯជាន់ទី៣ គ្មានថ្នាក់ទេ ព្រោះជាសាលប្រជុំ និងបន្ទប់រៀនពីរបីដែលគេជឿថា គ្មាននរណាឡើងទៅលេងទេ។ គ្រប់គ្នាផ្ទៀងត្រចៀកស្ដាប់ វានៅដដែល ហើយឮកាន់តែខ្លាំងថែមទៀត។ ហេតុនេះ អ្នកគ្រូនិងសិស្ស៣នាក់ក៏បានឡើងទៅមើល និងបំណងហាមប្រាម ព្រោះយប់ហើយ មិនចង់ឱ្យឮក្ដុងក្ដាំងដល់គេឯងនៅក្បែរសាលានេះ ឯសិស្សដទៃទៀតក៏ចេញទៅផ្ទះបាត់អស់ទៅ។ អ្នកទាំងបួនគិតថា នេះជាពួកស្ទាវមក រញេរញៃនៅក្នុងសាលាពួកគេ។ អ្នកគ្រូ និងសិស្សបីនាក់ទៀត ម្នាក់ឈ្មោះពិសិដ្ឋ បូរ៉ា និងភក្ដី បានដើរលបៗឡើងទៅខាងលើ។ ពួកគេឮសំឡេងដូចអ្នកណាសើចផង លាយឡំជាមួយសំឡេងថ្ងូរ ហាក់បីដូចមនុស្សមួយក្រុមកំពុងលេងសើចនរណាម្នាក់។ ឡើងដល់ពាក់កណ្ដាលជណ្ដើរកាច់ ខ្យល់ត្រជាក់បក់មួយវ៉ឹបៗ ផ្លេកបន្ទោរព្រាកៗ រលឹមតិចៗ ស្របពេលដែលជើងពួកគេទាំង៤ឡើងដល់ទីដៅ។

នៅចំពោះមុខគឺ ផ្លូវដើរងងឹតស្លុប តែមានពន្លឺនៅខាងចុង ជាចង្កៀងម៉ាំងសុង ភ្លឺចិញ្ចាច បញ្ជាក់ថា មានមនុស្សនៅបន្ទប់ខាងចុង។ ពួកគេក៏បន្ដដំណើរយឺតៗទៅកាន់ប្រភពពន្លឺ លុះមកដល់រវាង៣ថ្នាក់ទៀត ស្រាប់តែ….កុបកុប….សំឡេងអ្វីនៅពីក្រោយ ដូចជារទេះរុញ។ ភក្ដីមានអារម្មណ៍ថាព្រឺឆ្អឹងខ្នង គេងាកយឺតៗមើលខាងក្រោយ តែលទ្ធផលគឺគ្មានអ្វីទេ។ ដើរដល់មាត់ទ្វារហើយ ពួកគេក៏មើលទៅក្នុងបន្ទប់ ឃើញមនុស្សមួយក្រុមអង្គុយដំកង់កំពុងឱនធ្វើអ្វីម្យ៉ាង។
«ធ្វើអ្វីហ្នឹង យប់ហើយ ទៅផ្ទះទៅ?»
គ្មាននរណាឆ្លើយតប ឬងាកក្រោយសោះ។ ស្រែកម្ដងជាពីរដង មិនបានផល អ្នកគ្រូនោះ ក៏ចំទាលជេរថា៖
«យីស! ពួកអានេះ សាលានេះផ្ទះហ្អែងមែន បានមិនស្ដាប់ចឹង?»
គ្រាំង….រន្ទះបាញ់ឯនាយ ចោលភ្លឺពេញមេឃ ក្រោមសន្ទុះទឹកភ្លៀងធ្លាក់ខ្ជោកៗ។

វាគួរឲ្យរន្ធត់ណាស់ តែមិនដល់បរិយាកាសនេះទេ។ មនុស្សដែលដំកង់នៅក្នុងបន្ទប់នោះ បានបែរមក តែព្រះអើយ ពួកគេម្នាក់ៗភ្នែកក្រឡោត ពណ៌ក្រហម គ្មានថ្ពាល់ទេ បបូរមាត់ស្ពេះ ប្រឡាក់សុទ្ធតែឈាម។ ដែលសំខាន់នោះ គឺសាច់ទាំងដុំពោះវៀនពោះតាំងនៅខាងក្រៅ។ «ខ្មោចស៊ីពោះវៀន» អ្នកគ្រូស្រែកយ៉ាងរន្ធត់ ស្របពេលចង្កៀងម៉ាំងសុងនៅខាងក្រៅ រលត់ភ្លឹប ពេលដែលរាងកាយដួលខ្ពោកទៅលើដី។ សិស្សទាំង៣ស្រឡាំងកាំង ក្នុងទីវាលងងឹតស្លុប ចាក់ភ្នែកមិនយល់នេះ។ ពួកគេស្រែកបណ្ដើរ រត់ទៅជណ្ដើរខាងដើម ព្រោះជណ្ដើរខាងចុងជាប់សោ។ តែពួកគេភ្ញាក់ស្ទើរដាច់ផ្ងារ ព្រោះនៅពីមុខគេ ជាទីកន្លែងស្អុយឆ្អេះឆ្អាប មនុស្សនៅពេញវាល លើឥដ្ឋ ខ្លះដាច់ដៃ ដាច់ជើង ខ្លះធ្លាយពោះវៀន ប្រកាច់។ អស់ភាពអត់ធ្មត់ ភក្ដីខំជម្នះរត់ទៅមុខ តែគេមិនបានចាប់អារម្មណ៍ និងឃើញស្រមោលខ្មៅមួយធំប៉ុនចង្អេរនៅពីមុខគេ។ ស្រមោលនោះបានរុញភក្ដីឲ្យធ្លាក់កាំជណ្ដើរព្រូស សន្លប់ស្ដូក។ ចុះបូរ៉ា និងពិសិដ្ឋ??

នៅពេលឃើញភក្ដីធ្លាក់កាំជណ្ដើរបែបនេះ បូរ៉ា និងពិសិដ្ឋភ័យតក្កមា មិនដឹងធ្វើអ្វីកើតទេ រាងកាយហាក់ដូចបាត់វិញាណ អ្វីដែលគេឃើញ គឺនៅក្នុងនរក នរកដែលប្រឡូកប្រឡាក់ ទៅដោយឈាម ការបក់គ្រវីដៃឲ្យជួយ អ្នកជំងឺប្រកាច់ ដង្ហក់ខ្យល់គួរឲ្យសង្វេគ។ ពួកគេទាំងពីរក្ដោបក្បាល បិទភ្នែក ស្រែកទ្រហោយំ ម្ដងឮសូត្រធម៌ ម្ដងឮឲ្យម៉ែជួយ ប្រឆាំងនឹងសន្ធឹកទឹកភ្លៀង។ មិនដឹងប៉ុន្មាននាទីទេ ភ្លៀងក៏ស្ងប់ បូរ៉ាសម្រួលអារម្មណ៍បើកភ្នែកយឺតៗ តែអ្វីគ្រប់យ៉ាង គឺក្នុងទីងងឹតក្នុងអគារដដែល គ្មានរឿងអ្វីទាំងអស់ ឯពិសិដ្ឋកំពុងជីបអូចៗញាប់ស្មេរ ស្ដាប់មិនបានសោះ។

បូរ៉ាកេះពិសិដ្ឋឲ្យបើកភ្នែក ហើយលបចុះទៅក្រោម តែទុចង៉ក់ ព្រោះផ្សែងក្រអូបម៉្យាង កំពុងរសាត់មកពីចម្ងាយ ឆួលចុងច្រមុះ ធ្វើឲ្យគេនឹកឃើញដល់រឿងមួយ។ មិនចាំយូរ ពួកគេ រត់ដាច់ជើងចុះកាំជណ្ដើរ តែជាន់អ្វីម្យ៉ាង “អូយ” ហើយចាប់ជើងបូរ៉ាជាប់។ បូរ៉ាភ័យពេកបានធាក់ដើម្បីដោះខ្លួន តែគេដឹងថាជាភក្ដី។ សភាពភក្ដី គឺជាំមុខ ហើយគ្រេចជើង តែពិសិដ្ឋជួយគ្រាចុះដល់ដីបានសម្រេចទាំងព្រលឹងចុងសក់។ បូរ៉ារត់ត្របាញ់ជើងទៅប៉ុស្តិ៍យាម ហៅអ្នកយាមមកជួយ តែគេរត់កាន់តែឆ្ងាយទៅគ្មានឃើញអ្វីសោះ។

គ្រប់យ៉ាងគឺជាព្រៃឫស្សី គ្មានអគារអ្វីទាំងអស់ មានតែអគារចាស់នៅពីក្រោយ។ «ម៉េចខ្ញុំមកនៅក្រោយអគារទៅវិញ ហើយនេះមានព្រៃមកពីណា?» ឧទានបានប៉ុណ្ណេះ បូរ៉ាចាប់ផ្ដើមយំ ព្រោះគេដឹងថា ខ្មោចនៅតែលងដដែល។ គេមើលនាឡិកា តែម៉ោងងាប់ទៅហើយ នៅតែ៦ល្ងាចដដែល។ ងាកឆ្វេងស្ដាំ គ្មានអ្វីក្រៅពីសំឡេងឫស្សីសង្កៀតគ្នា គួរឲ្យព្រឺក្បាល។ តែភ្លាមនោះ គេឃើញពិសិដ្ឋគ្រាភក្ដីដើរចូលតាមផ្លូវតូចមួយក្នុងព្រៃ បែបនេះ បូរ៉ាបានស្រែកផង រត់តាមផង តែពួកគេនៅតែមិនស្ដាប់ បន្ដដំណើរទៅមុខទៀត។ រត់ផង ស្រែកផង នៅតែតាមមិនទាន់។ ដោយអស់កម្លាំង គេសម្រាកមួយភ្លែតនៅជិតដើមជ្រៃមួយ។ កន្ទុយភ្នែកគេបានក្រលៀសចំក្រណាត់សមួយផ្ទាំងហោះស្ទុយទៅទើរលើដើមជ្រៃនោះ។

យល់មិនស្រួល គេក៏រត់ថយក្រោយ តែមិនទាំងបានរត់ផង ក្រណាត់សនោះហោះមកលើក្បាលគេទៅហើយ។ វាជាក្រណាត់សធម្មតា តែគន់យូរទៅ គឺមានភ្នែកក្រឡោត អណ្ដាតយារស្ដាក ធ្មេញប៉ុនចបកាប់ឆ្វែលចុះឆ្វែលឡើង ក្រោមសំរែកស្រែកឱ្យជួយផង មុនដួលទៅដី។ ស្មារតីនៅមាន ភ្នែកនៅភ្លឺ គេឃើញបុរសម្នាក់ជើងអូសដី ហុចដៃមកជួយ បូរ៉ាខំមើលដែរ តែមិនឃើញមុខសោះ ហើយក៏ព្រិលភ្នែកសន្លប់ទៅ។

ថ្លែងពីពិសិដ្ឋ និងភក្ដីវិញ គ្រាដើរនោះចេះតែឆ្ងល់ ហេតុអ្វីបូរ៉ារត់ទៅក្រោយអគារ មិនទៅទ្វារខាងមុខ?។ ចិត្ដមួយបារម្ភ ចិត្ដមួយចង់ទៅផ្ទះ ក៏សម្រេចចិត្ដមិនរវល់។ ពិសិដ្ឋមានអារម្មណ៍ថា ធ្ងន់ទៅៗ តែមិនសួរ ព្រោះភក្ដីមុខស្ងួត ហើយមានឈាម ប្រហែលត្រូវរបួស ដើរមិនកើតទើបធ្ងន់បែបនេះ។ តែពិសិដ្ឋធ្វើចិត្ដស្ងប់មិនកើត គេលួចមើលមុខភក្ដី ញយដង ឈាមហូរកាន់តែខ្លាំង គេក៏ឈប់ដាក់ភក្ដីចុះ ហើយធានាទៅហៅគេមកជួយ ព្រោះបណ្ដោយទៀត ក្រែងវីវរ។ ហៀបចេញទៅហើយ ស្រាប់តែ…ផ្លាប់…… ភក្ដីចាប់ដៃជាប់។ វិនាទីនេះទើបដឹងថា ដៃគេត្រជាក់ដូចទឹកកក។ «លែងដៃអញអាក្ដី អញទៅហៅគេមកជួយ» ភក្ដីមិនឆ្លើយ ហើយឱនមុខជ្រប់។

ពិសិដ្ឋរលាក់ដៃចេញ តែដៃរឹងដូចថ្ម។ រំពេចនោះ ភក្ដីក៏ងើប ហើយសើច។ សំណើចគួរឲ្យខ្លាច ដូចមិនមែនជាភក្ដី។ ទិដ្ឋភាពនេះហាក់ដូចជាកើតឡើងម្ដងហើយ តែរកនឹកមិនឃើញសោះ។ មិនបង្អង់យូរ ភក្ដីក៏ឈប់សើច ហើយមិនស្ដី ពិសិដ្ឋក៏អង្រួនឲ្យដកដៃចេញ។ សំឡេងខ្សឹកខ្សួលចម្លែកមួយបានឮឡើង៖
«អាសិដ្ឋ អញរងាណាស់» ពីក្រោយខ្នង។ ងាកខ្វាប់ គឺភក្ដីទាំងសាច់ទាំងឈាម។ ភ្ញាក់ផ្អើលហើយ ចុះនរណាចាប់ដៃគេ ងាកមកវិញព្រះអើយ គ្រោងឆ្អឹងកំពុងចាប់គេ គេក៏ស្រែក ហើយរត់ ស្រាប់តែនៅមុខសាលប្រជុំទៅវិញ។ ស្ងាត់ច្រៀប នេះជាជាន់ទី៣ដដែលតើ។ ញ័រដូចកូនសត្វ ពិសិដ្ឋខំម្នីម្នាចុះទៅក្រោមវិញ តែទច់ង៉ក់ ព្រោះសំឡេងស្រឡៃ ពិរោះឲ្យគ្រលួចនៅខាងក្រោម ភ្លើងភ្លឺចិញ្ចាចដូចមានបុណ្យអីអ៊ីចឹង។
“ភ្លើងមានវិញហើយ ” គេគិត ហើយស្ទុះស្ទាទៅទៀត តែនរណាម្នាក់កាន់ពិល ស្លៀកស ឡើងមកដែរ។ គេថយក្រោយ តែនៅពីក្រោយខ្នង គឺភក្ដីដើរអូសជើងមកដែរ។ គេឆ្លេឆ្លា ធ្វើអ្វីមិនត្រូវ ស្រាប់តែគិតឃើញម្យ៉ាង គឺសសៀរចុះជញ្ជាំងទៅជាន់ទី២ តែចុះដល់វេរ៉ង់ដាហើយ ក៏រអិលជើងធ្លាក់ចុះក្រោម។ មុនពេលធ្លាក់ដល់ដី គេឃើញមនុស្សជាច្រើនឈរត្រហេបត្រហបចាំទ្រគេ។

ព្រឹកឡើង មនុស្សម្នាផ្អើលឈូឆរទៅមើលករណីក្មេងសិស្សសាលា៣នាក់ ប្រហែលមានជម្លោះគ្នា ម្នាក់ធ្លាក់បាក់កនៅមុខអគារ ម្នាក់ទៀតមានស្នាមកាំបិតបាក់ជើងនៅកាំជណ្ដើរ និងម្នាក់ទៀត ចងកនៅដើមជ្រៃក្រោយអគារ។
ចំពោះគ្រូនាយក គាត់ហាក់មានមន្ទិល ព្រោះសាកសពទាំង៣នេះ ក៏ជាសិស្សទី១១នៅវិទ្យាល័យនេះដែរ។ គាត់ចាំថា កាលពីអាទិត្យមុន ពួកគេធ្វើពលកម្ម ព្រោះតែអវត្ដមានច្រើន។ ពេលកាប់ដីនោះ ស្រាប់តែប៉ះក្បាលខ្មោចមួយ ពេលនោះសិស្សភក្ដីឃើញហើយក៏ទៅទាត់លេង ហើយពួកគេពីរនាក់ទៀតសើចលេងជាការសប្បាយ។ គាត់បានតែគិត តែមិនចេញស្ដី។
………………………………………………………….

២ឆ្នាំក្រោយ

សិស្សផ្អើលឈូឆរចេញពីអគារជាន់ទី៣ ជាមួយរាងកាយស្ដូកស្ដឹងរបស់យុវតីម្នាក់។
“បើកផ្លូវ” សម្រែកស្រែកឲ្យមនុស្សចេញពីផ្លូវដើរ ពេលដែលលោកគ្រូម្នាក់កំពុងបីយុវតីម្នាក់ ដែលដេកស្ដូកស្ដឹងចុះពីជាន់ទី៣។ នាងឈ្មោះពិសី សិស្សថ្នាក់ទី៩ ដែលសន្លប់ មិនដឹងមូលហេតុ ព្រោះតែនៅរៀនសុខៗស្រាប់តែយំ ហើយសន្លប់ទៅ។
ពេលនាំចូលបន្ទប់ពេទ្យ គ្រប់គ្នាកំពុងតែជជែកគ្នារអ៊ុះៗ ខ្លះថាខ្មោចដើមជ្រៃចូល ខ្លះថាខូចចិត្ដសង្សារ ខ្លះចេះតែនិយាយប៉ប៉ាច់ប៉ប៉ោច។

កំពុងតែឆ្ការដៃឆ្ការជើង ស្រាប់តែឆោឡោនៅក្នុងបន្ទប់ពេទ្យ។ «ពិសីស្លាប់ហើយ» ជាប្រយោគដែលគេនិយាយពីមាត់មួយទៅមាត់មួយ តាំងពីក្នុងសាលា រហូតដល់ផ្សារ ធ្វើឲ្យគេភ័យខ្លាចរឿងខ្មោចព្រាយ។ សិស្សជាច្រើនចាប់ផ្ដើមអវត្ដមាន ជាពិសេសអ្នករៀននៅអគារជាន់ទី៣នោះតែម្ដង។ នៅថ្នាក់ពិសី សិស្សឈប់ឲ្យរពុយ តែមិនច្រើននោះទេ ព្រោះជាឆ្នាំប្រលងផង ណាមួយគ្រូពេទ្យប្រាប់ថា ពិសីស្លាប់ដោយសារជំងឺហឺត មិនមែនខ្មោចកាច់កអីនោះទេ។ គ្រប់គ្នារៀនធម្មតា ក្រោមបរិយាកាសស្រងេះស្រងោចព្រោះមិត្ដទើបតែស្លាប់ថ្មីៗ។

ស្រមោលខ្មៅមួយរំកិលយឺតៗចូលមកក្នុងថ្នាក់លក្ខណៈល្វើយៗអស់កម្លាំង។
«ធារី ហេតុអ្វីមកយឺតម្ល៉េះ ហើយមុខស្លេកម្ល៉េះ ឈឺឬ?» អ្នកគ្រូសួរ តែនាងមិនស្ដី ហើយបន្ដដើរទៅកន្លែងអង្គុយដែលនៅពីក្រោយតុពិសី។ ខ្ជិលរវល់ច្រើន អ្នកគ្រូក៏បន្ដកត់មេរៀនលើក្ដារខៀនទៀត ហើយធារីក៏ប្រញាប់ប្រញាល់ចម្លងចូលសៀវភៅតាមធម្មតា។ កំពុងតែសរសេរ ស្រាប់តែឮសំឡេងនរណា ខ្សឹបដាក់ត្រចៀក នាងងាកក្រោយផាំង ឃើញសិស្សដទៃទៀតធម្មតា។
នាងបន្ដសរសេរទៀត តែស្រាប់តែប៊ិកលែងចេញ ទោះនាងខំគូសក្រវេមក្រវាមយ៉ាងណា។

ក្ដៅចិត្ដពេក នាងក៏បោះប៊ិកចោល តែងាកមកវិញ ប៊ិកនៅលើតុដដែល។ នាងយល់មិនស្រួល ក៏ងាកទៅខ្ចីប៊ិកពីអ្នកនៅក្បែរខាង ហើយសរសេរទៀត តែនាងភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះនាងបែរជាសរសេរពាក្យថា “ដល់ពេលមកចាំកន្លែងហើយ” ។ នាងម្នីម្នាលុបពាក្យនេះចោល តែលុបយ៉ាងណា នៅតែមិនចេញសោះ នាងក៏ហែកចោល ហើយស្រែកមួយទំហឹង “ចេញទៅ អាខ្មោចចង្រៃ” ។ ស្ងាត់ច្រៀប នៅក្នុងថ្នាក់គ្មានមនុស្សឡើយ គ្មានសិស្ស គ្មានគ្រូ ហើយសុទ្ធតែធូលី ជាពិសេសលើក្ដារខៀន មានមេរៀនប្រវត្ដិវិទ្យា លុបពាក់កណ្ដាល កាលបរិច្ឆេទ ថ្ងៃសៅរ៍ ទី១១ ខែមីនា។ ក្រាក… ស្រមោលអ្វីម្យ៉ាង ដើរយឺតៗ កាន់កាតាបចូលមក ដូចហោះបន្ដិចអីបន្ដិចចូលមកអង្គុយមុខធារី។

ធារីរឹងខ្លួនចង់ស្ទុះចេញ តែក្រោកមិនរួច ស្រែកមិនឮបានត្រឹមភ្នែកធំភ្នែកតូច តែទោះបីជាយ៉ាងណា នាងមើលមុខអ្នកចំណូលថ្មីនេះមិនច្បាស់ឡើយ បានត្រឹមតែប្រហែល។ ដាក់បង្គុយហើយ ម្នាក់ស្រីនោះយំខ្សឹកខ្សួលមួយស្របក់ ទើបបើកកាតាបយកប្រអប់ម្សៅ មកវាយលើថ្ពាល់ថើៗ លាបក្រែម លុបស្នាមទឹកភ្នែកចេញ។ មើលទៅក្នុងកញ្ចក់ ទោះផាត់ម្សៅយ៉ាងណា នៅតែមិនអាចលុបបំបាត់ភ្នែកខូង មុខពណ៌ខៀវស្លេក ហើយដង្កូវចោះឲ្យរវើក។ «ពិសី» ធារីស្រែកមួយទំហឹង រើខ្លួនរត់ចេញទៅក្រៅ តែគ្រាំង ទ្វារបន្ទប់បិទជិត។ ខំបើក ខំស្រែក នៅតែបើកមិនកើត គ្មានអ្នកឮ នាងក៏ងាកក្រោយឃើញពិសីអង្គុយច្រងុកសក់បាំងមុខ។

«ឯងចង់បានអី? តើឯងចង់បានអី?» ធារីស្រែកសួរ ចំណែកពិសីមិនឆ្លើយ។ សំឡេងមកពីទីចម្ងាយរសាត់មកដល់៖
«មកនៅចាំកន្លែងមក តាមសន្យា» ឮបែបនេះ ធារីមើលឆ្វេងស្ដាំ ប្រកែកញាប់មាត់៖
«ទេ ខ្ញុំមិនទៅទេ ខ្ញុំនិយាយលេងទេ» ប្រកែកបណ្ដើរ នាងខំគោះទ្វារបណ្ដើរ តែមិនបានផល ។
ភ្លេងពិណពាទ្យឮល្វើយៗពីចម្ងាយ ផ្សែងធូបពេញបន្ទប់ ធារីស្ទើរឆ្កួត យំស្រែក ស្រែកឲ្យគេជួយ តែហាក់ដូចជានៅក្នុងភពមួយដ៏សែនឆ្ងាយ។ រំពេចនោះ ពិសីយំទៀត ទឹកភ្នែកគឺជាឈាម ហូរពេញលើឥដ្ឋល្ហល្ហាចដូចទឹកជំនន់។
«ហេតុអ្វីបានសម្លាប់យើង ហេតុអ្វីបានឃោរឃៅបែបនេះ?» ពិសីនិយាយបណ្ដើរ ងើបឈរបណ្ដើរ។

ធារីគ្រវីក្បាលតតាត់ ស្របពេលដែលពិសីនិយាយបន្ថែម៖«ឥលូវដល់ពេលឯងសងបំណុលកម្មឯងហើយ វាគឺជាកម្មឯង ហាហាហហាហា» ពីសីសើចយ៉ាងគ្រលួច ធ្វើឲ្យធារីឃើញរូបភាពមួយ។ រូបភាពពិសីកំពុងរៀនម៉ោងប្រវត្ដិវិទ្យា តែមានមនុស្សសម្បុរខ្មៅម្នាក់ ស្លៀកក្បិនក្រហម អត់ពាក់អាវ អង្គុយលើតុពិសី ដៃម្ខាងខ្ទប់មាត់ពិសី លានអណ្ដាត ជ្រុះគ្រាប់ភ្នែក ដៃម្ខាងទៀត ខ្វារពោះពិសី ដាក់ដង្កូវចូល មុនឡើងជិះកពិសីស្លាប់ទៅ។ ធារីក៏ឃើញយុវតីម្នាក់សរសេរអក្សរក្រវេមក្រវាម មានថ្ងៃខែឆ្នាំកំណើតចងជាមួយសក់ និងឈាម បាតដៃខ្ចប់ជាមួយដុំគ្រួស ម្ជុល កន្ដ្រៃ ដែកគោល ចងអំបោះក្រហម យកទៅកប់នៅក្រោមដើមជ្រៃក្រោយអគារ។

នារីម្នាក់នោះអុជធូបបន់ថា “សូមឲ្យវាស្លាប់ មិនអាចចាប់ជាតិ ងាប់តៃហោងជារៀងរហូត ហើយខ្ញុំនឹងយល់ព្រមគ្រប់យ៉ាង។ ស្លាប់ទៅពួកដែលចូលចិត្ដនិយាយអាក្រក់ពីគេ” ។ ធារីគាំងអណ្ដាត ព្រោះរូបភាពចំពោះមុខ គឺជានាងទាំងសាច់ទាំងឈាម។
នាងបានអារឈាមសម្រក់ ហើយនាងដឹងហើយថា លទ្ធផលគឺនាងត្រូវក្លាយជាព្រាយនៅដើមជ្រៃនោះវិញជាសគុណ ដែលពិសីក្លាយជាខ្មោច នៅចាំតុអង្គុយក្នុងថ្នាក់រៀន ចាំធ្វើបាបគេឯង។
ព្រូស….អ្នកលេងបាល់នាំគ្នាឆោឡោ ពេលឃើញយុវតីដែលគេស្គាល់ឈ្មោះថា ធារីលោតពីលើអគារជាន់ទី៣ បាក់ជើង មិនបាក់ក តែពោះមុតអំបែងកែវស្លាប់ទៅ។
…………………………………………………………

ឆ្នាំ២០១៥
“ជួយផង ខ្ញុំឃើញ វាសនាអត់មានក្បាលទេ ពេលដើរអំបាញ់មិញ…..”

Post a Comment

0 Comments