ឆ្កែមុខមនុស្ស


** Jinmenken ( human faced dog ) ឬ ឆ្កែមុខមនុស្ស
Jinmenken​ ( human faced dog ) ឬឆ្កែមុខមនុស្សគឺជារឿងមួយដែលគេនិយាយថាវាបានកើតឡើងនៅឯប្រទេសជប៉ុន ។ Jimenken គឺជាឆ្កែមួយប្រភេទដែលត្រូវបានគេស្គាល់ថាជាឆ្កែដែលមានមុខជាមនុស្ស ហើយវាថែមទាំងចេះនិយាយទៀតផង។ គេតែងតែឃើញវានៅកណ្ដាលយប់អាធ្រាតក្នុងភូមិដាច់ស្រយាល ។ អ្នកដែលបានឃើញឆ្កែនោះ បាននិយាយថានៅពេលដែលយើងឃើញវាពីចម្ងាយ វាហាក់បី ដូចជាឆ្កែធម្មតាប៉ុណ្ណោះ ប៉ុន្តែនៅពេលដែលវាបែរមុខមករកយើង យើងនឹងបានឃើញថាឆ្កែនោះមានមុខជាមនុស្ស ។
ក្នុងនោះមាន រឿងមួយបាននិយាយថាមានភោជនីយដ្ឋានមួយកន្លែងតែងតែចោលសំរាមនៅខាងក្រោយហាង ។ នៅយប់មួយ ពេលដែលមេចុងភៅនៅ ក្នុងហាងនោះបានយកសំរាមទៅចោលនៅខាងក្រៅដែលជាកន្លែងដែលគាត់តែងតែចោលនោះស្រាប់តែបានឃើញឆ្កែមួយក្បាលកំពុងតែរុករើជីកកកាយកាកសំណល់ដែលមាននៅក្នុងកំណសំរាមនោះ។ ពេលនោះគាត់បានព្យាយាមដេញវាចេញ ប៉ុន្តែនៅពេលដែលវាបែរខ្នងមកគាត់ពិតជាមានការភ្ញាក់ផ្អើរជាខ្លាំង ព្រោះឆ្កែដែលគាត់បានឃើញនោះមិនមែនជាឆ្កែធម្មតាទេ តែវាជាឆ្កែដែលមានមុខជាមនុស្សហើយវាបាននិយាយទៅកាន់គាត់ថា " ほっといてくれ ( Hottoite kure ) " ដែលមានន័យថា " ទុកអោយខ្ញុំនៅម្នាក់ឯងបានហើយ " ដែលជាពាក្យដែលវាចង់និយាយថាអោយគាត់ចេញអោយឆ្ងាយពីវាទៅ ។
ចំណែកឯរឿងមួយទៀតគេនិយាយថា មានបុរសម្នាក់កំពុងតែជិះឡាននៅតាមផ្លូវជាតិមួយ ស្រាប់តែគាត់ក្រលែកភ្នែកទៅខាងក្រៅឡានឃើញមានឆ្កែមួយដែលបានរត់យ៉ាងលឿនតាមឡានរបស់គាត់ ហើយនោះគឺជាឆ្កែដែលមានមុខជាមនុស្សដែលគេតែងតែហៅវាថា Jinmenken​ នោះ ។ វានៅតែបន្តរត់តាមទោះបីជាគាត់បានបន្ថែមល្បឿនរថយន្តរបស់គាត់រហូតដល់ 100miles/h ឬ 160km/h ក៏ដោយ ។ នៅពេលដែលគាត់ព្យាយាមសម្លឺងមើលមុខរបស់វា វាបាននិយាយថា " 私を見ないで ( Watashi o minaide ) " ដែលមានន័យថា " កុំមើលមកខ្ញុំ " ។ បុរសជាអ្នកបររថយន្តភិតភ័យយ៉ាងខ្លាំងដែលធ្វើអោយគាត់រេចង្កូតរថយន្តធ្លាក់ផ្លូវរងរបួសធ្ងន់ ។
ក្នុងកំឡុងឆ្នាំ 1989 និង 1990 ប្រជាជននៅក្នុងប្រទេសជប៉ុនទាំងអស់ពិតជាមានការភ័យខ្លាចនឹង Jinmenken នេះខ្លាំងណាស់ ព្រោះឧបទ្ទវហេតុចម្លែក និងគ្រោះថ្នាក់ចរាចរណ៍ជាច្រើនបានកើតឡើង ហើយគេជឿជាក់ថាវាបានកើតឡើតដោយសារ Jinmenken ។ តាំងពីកើតមានរឿងនោះកាន់តែច្រើនឡើងជារៀងរាល់ថ្ងៃមក អ្នកខ្លះបានគិតថាឆ្កែដែលមានមុខជាមនុស្សនោះគឺជាវិញ្ញាណដែលជាជនរងគ្រោះដែលបានស្លាប់ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ ហើយបានចាប់ជាតិជាសត្វឆ្កែ ។ ចំណែកឯអ្នកខ្លះទៀតបានយល់ថា Jinmenken គឺជាសត្វចិញ្ចឹមរបស់មនុស្សដែលអ្នកវិទ្យាសាស្រ្តបានយកគេទៅពិសោធន៍និងបង្កាត់ពូជ ដើម្បីធ្វើជាអ្វីមួយផ្សេងទៀត តែវាបានរត់គេចចេញពីមន្ទីរពិសោធន៍ ៕
ដោយ ជីវិតយុវវ័យ - Teenager Life