ភាគ១
#ត្រឹមមនុស្សកំដរ
ការដាក់ចិត្តស្រលាញ់មនុស្សម្នាក់ប្រហែលមិនពិបាកខ្លាំងស្មើនឹងការបំភ្លេចគេនោះទេ ព្រោះការចងចាំបានដកជាប់គ្រប់អនុស្សាវរីយ៍នៅក្នុងខួរក្បាលជាពិសេសបេះដូង... ការចងចាំនេះនៅតែមាន បើសិនយើងនៅមានដង្ហើម គ្រាន់តែ...ការចងចាំរបស់យើងចំពោះមនុស្សម្នាក់នោះគឺបែបណាប៉ុណ្ណោះ...ស្អប់...ស្រលាញ់...ឬគ្រាន់ជាអ្នកស្គាល់ធម្មតា...។ ប៉ុន្តែបើគិតថា បំភ្លេចមនុស្សម្នាក់គឺជាពិបាកនោះរឿងនោះ ប្រហែលការនៅក្បែរនិងរង់ចាំមនុស្សម្នាក់ដែលមិនទាន់ភ្លេចអ្នកចាស់គឺកាន់តែពិបាកទៅទៀត
ហើយបូកផ្សំនឹងការឈឺចាប់រាប់សែនលាន ឈឺពេក..ពេលខ្លះយល់ថាខ្លួនឯងល្ងង់ តែទោះល្ងង់ប៉ុណ្ណាក៏យល់ថាសមតម្លៃ ព្រោះយើងស្រលាញ់គេខ្លាំងទៅហើយ...នោះគឺការប្តូរការឈឺចាប់ដើម្បីនៅក្បែរគេ ស្មគ្រ័ធ្វើតួរងក្នុងបេះដូងរបស់គេ។ ក្តីអាណិតប្រែមកជាស្រលាញ់ ក្តីស្រលាញ់ដែលដុះដាលខ្លាំងពេញក្នុងបេះដូងរហូតមិនអាចស្រលាញ់អ្នកណាបាន ភ្លេចទាំងទុកកន្លែងសម្រាប់ខ្លួនឯងទៀតផង...។
ខ្ញុំជាអ្នកលួង...ខ្ញុំជាអ្នកមើលថែពេលគេបែបពីមនុស្សដែលគេស្រលាញ់ ខ្ញុំកំដរគេគ្រប់ពេល...រហូតគេនិយាយថាមានតែខ្ញុំម្នាក់ប៉ុណ្ណោះដែលនៅក្បែរគេ ទីបំផុត...ពួកយើងមានឈ្មោះជាសង្សា ប៉ុន្តែហេតុអី? គេនៅតែនឹកនិងរំលឹកឈ្មោះរបស់នារីម្នាក់នោះនៅចំពោះមុខខ្ញុំ នៅតែយល់ថាគេល្អគ្រប់កាលៈទេសៈ មកទាល់នឹងពេលនេះ គេនៅតែមិនអាចភ្លេចម្នាក់នោះ ឬខ្ញុំមិនល្អគ្រប់គ្រាន់សម្រាប់ជ្រៀតចូលជំនួសដំណែងនាងបាន?
ថ្ងៃនេះគេសុំខ្ញុំមកជួបអ្នកចាស់ជាលើកចុងក្រោយ គេប្រាប់ថាគេនៅតែចង់ជួបនាង... ខ្ញុំក៏នៅអាចយល់ព្រមដោយគ្មានពាក្យតវា នៅតែអាចញញឹម ប្រាប់គេថាទៅចុះ...តែកុំភ្លេចថាខ្ញុំនៅទីនេះ ប៉ុន្តែគេមិនតប មិនដឹងទេថាគេចងចាំឬអត់ថាមានខ្ញុំ...
ជាច្រើនម៉ោងដែលគេអង្គុងរយចាំនាង ប៉ុន្តែនារីម្នាក់នោះមិនមកជួបគេទេ ចំណែកខ្ញុំ បែរជាឈរស្ងៀមសម្លឹងគេពីចម្ងាយ ធ្វើខ្លួនរក្សាគន្លាតដើម្បីកុំអោយគេដឹងថាខ្ញុំមកតាមលួចមើលគេ គ្រាន់តែចង់មើលគេប៉ុណ្ណោះ មិនរំខានទេ ព្រោះខ្ញុំសន្យាហើយថាអោយគេមកជួបនឹងនាង ជួបមនុស្សដែលគេស្រលាញ់ខ្លាំង ស្នេហាដំបូងរបស់គេ ដែលមិនមែនជាខ្ញុំឡើយ។
ឈូ...ៗៗ ភ្លៀងធ្លាក់ហើយ ដំណក់ទឹកត្រជាក់ស្រោចស្រប់ចុះមកដោយមិនបានប្រាប់ដំណឹងមុន ទាំងខ្ញុំនឹងអ្នកដែលរងចាំគេក៏ទទឹកជោគដូចគ្នា ប៉ុន្តែ...ភ្លៀងខ្លាំងយ៉ាងនេះហើយម៉េចគេមិនព្រមត្រឡប់ទៅផ្ទះ គេចង់ជួបនាងដល់ម្លឹងមែនទេ? គ្រាន់តែឆ្ងល់ក្នុងចិត្តខ្ញុំក៏ឆ្ងល់សឹងតែស្លាប់ទៅហើយ សង្សាអើយ...
ព្រោះតែទ្រាំមើលគេអង្គុយធ្មឹងដូចរូបចម្លាក់នៅកណ្តាលភ្លៀងមិនបាន ទើបខ្ញុំសម្រេចចិត្តចូលទៅរកគេ។
«បានហើយ...ភ្លៀងខ្លាំងហើយត្រឡប់ទៅផ្ទះទៅ» ខ្ញុំស្រែកប្រណាំងនឹងដំណក់ទឹកភ្នែកដែលស្រក់ចុះមកបង្កើតជាសំឡេងខ្លាំងៗស្រកៀរត្រចៀក ប៉ុន្តែអ្នកម្ខាងទៀតមិនតបហើយនៅស្ងៀមឈឹងដដែល កែវភ្នែករបស់គេសម្លឹងទៅផ្លូវដែលស្ងាត់មនុស្ស មិនប្រាប់ក៏ដឹងដែរថា គេកំពុងតែរង់ចាំម្នាក់នោះ...។
«ឧត្តម...!?» ខ្ញុំស្រែកហៅឈ្មោះគេម្តងទៀត ប៉ុន្តែ ឧត្តមនៅតែធ្វើធម្មតាដូចមិនមានរឿងអ្វីកើតឡើង មិនទាំងចោលភ្នែកសម្លឹងមកមើលខ្ញុំផង គេដូចជាដឹងច្បាស់ថាខ្ញុំនៅទីនេះ ព្រោះគេមិនភ្ញាក់ផ្អើលសូម្បីតែបន្តិចពេលដេលខ្ញុំបង្ហាញខ្លួន ឬក៏ខ្ញុំខ្វះភាពសំខាន់សម្រាប់គេទើបគេមិនអាចចាប់អារម្មណ៍បានខ្លះ សង្សាអើយ...ខ្ញុំគឺជាសង្សារបស់លោកនៅក្នុងពេលនេះ មើលឃើញស្រីម្នាក់នោះផង។
«ប្រយ័ត្នឈឺណា៎...ត្រូវភ្លៀងមិនល្អទេ»
«ត្រឡប់ទៅផ្ទះវិញទៅ មកធ្វើអី បើដឹងដែរថាត្រូវភ្លៀងមិនល្អ មកឈរហាលភ្លៀងធ្វើអី? តិចឈឺ...!!» គេតបមកវិញស្រាលៗ មិនច្បាស់ថាកំពុងតែស្តីបន្ទោសឬបារម្ភ ប៉ុន្តែសម្រាប់ខ្ញុំ មនុស្សដែលស្រលាញ់គេងប់ងុល ទោះបីពាក្យជាក៏ស្តាប់ទៅពីរោះដែរ...។
ខ្ញុំដកដង្ហើមធំបន្តិចបន្ទាប់ពីត្រូវដេញ បន្ទាប់មកក៏បោះជំហានចេញយ៉ាងរហ័ស ប៉ុន្តែមិនមែនមានន័យថាខ្ញុំបោះបង់គេត្រឹមតែពាក្យប៉ុណ្ណឹងនោះទេ។ ពេលដែលខ្ញុំចាកចេញខ្ញុំមានអារម្មណ៍ថា គេសម្លឹងមក ប៉ុន្តែ...ប្រហែលវាគ្រាន់តែជាអារម្មណ៍របស់អ្នកដែលស្រលាញ់គេខ្លាំងប៉ុណ្ណោះ។
«មីង...អោយអាវភ្លៀងខ្ញុំពីរមក»
«ក្មួយអើយសល់តែមួយទេ!» អ្នកលក់តបមកវិញ
«ត្រូវហើយ សល់តែមួយចុងក្រោយ នោះព្យួរនៅត្រង់នោះ យកដែរឬអត់?» គាត់ប្រាប់ព្រមទាំងចង្អុលបង្ហាញ។
«ចាសយក!»
«នែស៎...» គាត់ផ្តាច់ថង់អាវភ្លៀងមកអោយខ្ញុំ ចំណែកខ្ញុំក្រោយពីបានរបស់មកដល់ក្នុងដៃក៏ហុចលុយអោយគាត់ មុននឹងរត់តម្រង់ទៅរកឧត្កមវិញទាំងហែកថង់អាវភ្លៀងបណ្តើរ ទម្រាំតែរត់មកដល់ គ្រប់យ៉ាងគឺត្រូវបញ្ចប់ ខ្ញុំលាតអាវភ្លៀងនោះបាំងដំណក់ទឹកភ្លៀងអោយគេ ទាំងដែលខ្លួនឯងនៅហាលវាលរងារញ័រខ្លួន។ អាវភ្លៀងដែលស្តើងនិងតូចបែបនេះគ្រប់គ្រាន់សម្រាប់មនុស្សតែម្នាក់ប៉ុណ្ណោះ ដូច្នេះគឺវាអាចសម្រាប់គេ តែមិនមែនសម្រាប់ខ្ញុំទេ ព្រោះខ្ញុំត្រូវការឡើយ ខ្ញុំនឹងកក់ក្តៅបើគេមានក្តីសុខ តែសុំត្រឹមក្តីសុខរបស់គេ គឹកុំវិលត្រឡប់ទៅរកនារីម្នាក់នោះអី នាងក្បត់គេហើយ នាងមានអ្នកថ្មីហើយ...
នឹកមកដល់ត្រឹមនេះទឹកភ្នែករបស់ខ្ញុំហូរលាយបន្លំជាមួយនឹងទឹកភ្លៀង ប៉ុន្តែបបូរមាត់នៅតែញោចជាស្នាមញញឹម។
«ធ្វើអីហ្នឹង?» ឧត្តមសួរឡើងព្រមទាំងក្រោកឈរឡើងមកផងដែរ គេទាញអាវភ្លៀងដែលខ្ញុំទទូលអោយយកទៅកាន់ ព្រមទាំងសម្លឹងមុខខ្ញុំមិនដាក់ភ្នែក មិនដឹងទេថាកែវភ្នែកនោះមានន័យថាម៉េច...។
«ប្រាប់អោយទៅផ្ទះម៉េចក៏មកនៅឈរហាលភ្លៀងទៀត ម៉ានីន?»
«ខ្លួនឯងក៏មិនទាន់ទៅផ្ទះដែរ ខ្ញុំនៅកំដរ»
«អត់បានហៅទេ កុំរឹងពេក...យំមែនទេ?» គេអោនមុខមកសម្លឹងមុខខ្ញុំព្រមទាំងជ្រួញចិញ្ចើមដូចកំពុងតែខឹង មែនហើយ គេគឺតែងតែខឹងខ្លាំងណាស់បើដឹងថាខ្ញុំយំ។
«អត់ទេ...» ខ្ញុំគ្រវីក្បាលបដិសេធព្រមទាំងព្យាយាមញញឹម
«ចុះមកភ្នែកក្រហម ម៉ានីន កុហក»
«អត់ទេ មកពីត្រូវភ្លៀងខ្លាំងពេក វាផ្សារភ្នែក»
«អាវភ្លៀងទិញមកមិនពាក់ មកទទូលអោយខ្ញុំធ្វើអី?» គេឈប់ដេញដោលសំនួរចាស់ ប៉ុន្តែក៏ងាកមកសំនួរថ្មីម្តង។
«ទទឹកហើយពាក់ធ្វើអីទៀត?» ខ្ញុំក្លែងសួរទៅវិញព្រមទាំងសើចតិចៗបន្លប់... ព្រោះខ្ញុំគ្រាន់តែខ្លាចថាគេនឹងអាចឈឺបើត្រូវភ្លៀងខ្លាំង ខ្ញុំភ្លេចហើយថាខ្លួនឯងក៏នៅហាលភ្លៀងដែរ។
«ខ្ញុំក៏ទទឹករួចហើយដែរ ម៉ោះ..! ខ្ញុំជូនទៅផ្ទះ» គេប្រាប់បែបងាយៗព្រមទាំងចាប់អូសដៃខ្ញុំអោយដើរតាមគេទៅ។
«មិនចាំនាងទៀតទេហ្អី?»
«មិនទេ...នាងច្បាស់ជាមិនមកទេ ខ្ញុំស្គាល់នាងច្បាស់ណាស់»
ឃើញទេ...! គេនៅចងចាំគ្រប់យ៉ាងទាំងអស់ដែលទាក់ទងនឹងអ្នកចាស់ អ្នកថ្មីម្នាក់នេះ មិនទាន់អាចជំនួសនាងបានឡើយ។ គេនាំខ្ញុំទៅជិតម៉ូតូរបស់គេ បន្ទាប់មកក៏យកមួកសុវត្ថិភាពមកអោយខ្ញុំពាក់ គេដូចដឹងមុនថាមានខ្ញុំម្នាក់ដែលនឹងដោយសារជាមួយគេ ប៉ុន្តែ..ប្រហែលគេទុកវាសម្រាប់នារីម្នាក់នោះផងក៏មិនដឹង គ្រាន់តែគិតក៏អន់ចិត្តដែរ។
«ឡើងមក...!!»
«...» ខ្ញុំមិនបដិសេធក៏ឡើងជិះម៉ូតូជាមួយគេ ដៃតូចៗរបស់ខ្ញុំក៏អោបចង្កេះរបស់គេតិចៗ គ្រាន់តែសុំភាពកក់ក្តៅនៅពេលភ្លៀងធ្លាក់ សុំអារម្មណ៍ដែលជាគូសង្សានឹងគ្នា មួយគ្រាក៏បានដែរ។
«នាងចូលចិត្តអោបចង្កេះខ្ញុំបែបនេះដែរពេលជិះម៉ូតូ...» ឧត្តមនិយាយឡើងតិចៗ ប៉ុន្តែខ្ញុំដឹងច្បាស់ថាគេនិយាយដល់អ្នកណា ទើបខ្ញុំជ្រើសរើសលែងដៃពីចង្កេះរបស់គេ ហើយអង្គុយស្ងៀមៗវិញ គេជិះយឺតយ៉ាងនេះ ខ្ញុំមិនមែនដល់ថ្នាក់ធ្លាក់ពីលើម៉ូតូទេមែនទេ?
ខ្ញុំជ្រើសរើសលែងដៃ ព្រោះមិនចង់អោយគេនឹកដល់ម្នាក់នោះ បែបនេះមិនបាច់ទទួលបានភាពកក់ក្តៅក៏បានដែរណា ខ្ញុំអាចទ្រាំបានចំពោះភាពឯកា ព្រោះវាល្អជាងស្តាប់គេរំលឹកអ្នកចាស់...។
តែពេលនេះខ្ញុំកំពុងតែយំ...
ស្អែកឡើង...
ទម្លាប់របស់ខ្ញុំគឺតែងតែរៀបចំអាហារពេលព្រឹក ពេលថ្ងៃត្រង់រៀបដាក់ក្នុងប្រអប់យ៉ាងស្អាតយកទៅអោយឧត្តម បន្ទាប់មកក៏អង្គុយមើលគេធ្វើលំហាត់ នៅក្បែរដើម្បីអោយកម្លាំងចិត្តគេ ដើម្បីអោយគេសម្រេចតាមក្តីស្រមៃរបស់ខ្លួនឯង។ ហើយថ្ងៃនេះក៏មិនខុសអីពីថ្ងៃមុនដែរ គឺខ្ញុំនៅតែធ្វើដើម្បីគេដដែល។
ពេលអង្គុយមើលគេញ៉ាំរបស់ដែលខ្ញុំធ្វើដោយផ្ទាល់ដៃពិតជាមានក្តីសុខខ្លាំងណាស់ ខ្ញុំអាចញញឹមបានទាំងដឹងថាខ្លួនឯងស្រលាញ់គេជ្រុលហើយ...។
«ឆ្ងាញ់អត់?»
«អឺម...!!» គេងក់ក្បាលតិចៗព្រមទាំងយកទឹកមកអក នេះជាសញ្ញាថាគេញ៉ាំឆ្អែតហើយ ទើបខ្ញុំរៀបចំទុកដាក់របស់របវិញ...។
បិប.../ គេចាប់ដៃខ្ញុំជាប់ថ្នមៗព្រមទាំងអង្អែលតិចៗ គេសម្លឹងមុខរបស់ខ្ញុំហើយសើចស្រាល នេះជាស្នាមញញឹមដ៏ស្រស់ដែលអាចអោយខ្ញុំធ្លាក់ក្នុងអន្លង់ស្នេហ៍គេរហូតដល់ដកចិត្តមិនរួច ទើបនៅទីបំផុតខ្ញុំក៏ញញឹមទៅតាមគេ។
«ម្រាមដៃរបស់កូនគេទន់ដល់ហើយ មនុស្សស្រីគឺបែបហ្នឹងទាំងអស់មែនទេ? សូម្បីតែម្នាក់នោះ ក៏មានម្រាមដៃទន់ហើយរលោងបែបនេះដែរ»
ប្រយោគរបស់គេស្រាលៗបន្លឺឡើងបែបធម្មតាតែចាក់ទម្លុះបេះដូងរបស់ខ្ញុំអោយខ្ទេចខ្ទាំ អារម្មណ៍កក់ក្តៅមុននេះរសាត់ទៅណាហើយ? វាសល់តែអារម្មណ៍ឈឺចាប់ ឈឺខ្លាំងណាស់ តែខំញញឹមធ្វើដូចធម្មតា ធម្មតាខ្លាំងណាស់ដើម្បីកុំអោយគេមានសម្ពាធ តែពេលនេះខ្ញុំស្រាប់តែយល់ថាខ្លួនឯងជិតទ្រាំលែងបានហើយ ទ្រាំនឹងការមានឈ្មោះជាសង្សាដែលគេមិនស្រលាញ់នេះទៀតហើយ បើសិនពេលវេលាអាចវិលថយក្រោយវិញបាន ខ្ញុំនឹងរក្សាចំណែកបេះដូងអោយធំដើម្បីដាក់ចិត្តស្រលាញ់ខ្លួនឯង ប៉ុន្តែ...ពេលនេះគឺហួសពេលហើយ។
«ខ្ញុំនឹកគេ នឹកដល់ស្នាមថើបដំបូងនៅថ្ងៃនោះ...!!»
«...»
«ពេលនេះគេបានសុខឬអត់ ម៉ានីន ថាមើល»
«...» ខ្ញុំកំពុងតែជិតយំហើយ ម៉េចក៏នៅតែនិយាយពីគេម្នាក់នោះ ពេលនេះអ្នកជាសង្សារបស់លោកគឺជាខ្ញុំទេ ខ្ញុំក៏បានតែតវ៉ាគេនៅក្នុងចិត្តទាំងដែលការពិតក៏បានត្រឹមតែសង្កត់ចិត្ត ព្យាយាមញញឺមនៅចំពោះមុខរបស់គេ គ្រាន់តែសង្ឃឹមថាថ្ងៃណាមួយគេអាចភ្លេចម្នាក់នោះបាន តែខ្ញុំមិនដឹងថាខ្ញុំអាចទ្រាំបានដល់ពេលណាទេ...។
«គេនឹកខ្ញុំខ្លះទេ?»
«ខ្ញុំកំពុងតែអង្គុយនៅចំពោះមុខរបស់លោកណាឧត្តម មើលមិនឃើញឬធ្វើមិនឃើញ?» ព្រោះតែពិបាកទ្រាំពេកខ្ញុំក៏សួរទៅគេវិញ ច្រើនដងពេកហើយដែលគេតែងតែរំលឹកអ្នកចាស់ ទាំងដែលខ្ញុំនៅអង្គុយអោយច្រងោ មិនយល់អារម្មណ៍មនុស្សស្រីម្នាក់នេះបន្តិចទេមែនទេ? ខ្ញុំក៏ចេះឈឺចាប់ដែរ។
«ឃើញតើ...!!» គេឆ្លើយឡើងទំនង ប៉ុន្តែគេនៅតែធ្វើអោយខ្ញុំខូចចិត្តទាំងដឹងខ្លួនច្បាស់ថាអ្វីជាមូលហេតុ។
«ហេតុអីចូលចិត្តនិយាយពីគេ អោយខ្ញុំឈឺចាប់យ៉ាងនេះ?»
«គ្រាន់តែនិយាយការពិត»
«តែខ្ញុំជាសង្សារបស់លោក ពេលនេះមិនមែនជានាងទៀតទេ» ខ្ញុំចាប់ផ្តើមតវ៉ា ព្រោះមានអារម្មណ៍ថាអន់ចិត្តខ្លាំងពេក។
«ខ្ញុំដឹងហើយ» គេតបមកវិញស្រាលៗទំនងដូចមិនសូវយកចិត្តទុកដាក់ប៉ុន្មាន «ប៉ុន្តែខ្ញុំយល់ថាខ្លួនឯងល្អគ្រប់គ្រាន់ទេ អ៊ីចឹងហើយទើបគេទៅ ដូច្នេះ ម៉ានីន ទៅរកមនុស្សល្អជាងខ្ញុំដែរទៅ» គេឆ្លើយតបស្រាលៗ ព្រមទាំងលែងដៃខ្ញុំវិញ ប្រយោគរបស់គេលើកនេះធ្វើអោយខ្ញុំពិបាកទទួលយកពេកហើយ។
«ឧត្តម....?» ខ្ញុំហៅគេដោយសំឡេងស្រាលៗព្រោះស្លុតចិត្តនឹងពាក្យដែលគេនិយាយ»
«វាជាការពិត...ខ្ញុំមិនល្អឡើយ»
«គ្រាន់តែជាលេស...មនុស្សល្អជាងលោកគេនៅឯណា? ប្រាប់ខ្ញុំមកខ្ញុំនឹងទៅរកគេ កុំបានតែប្រាប់ហើយមិនបង្ហាញផ្លូវនោះ? ចុះខ្លួនឯង ម៉េចក៏មិនព្រមរកមនុស្សល្អជាងមនុស្សដែលក្បត់លោកទៅ? នាងល្អគ្រប់យ៉ាង លះបង់ដើម្បីលោកគ្រប់យ៉ាង បែបហ្នឹងមែនទេ? តែគេក៏លះបង់ទាំងលោកចោលទៅរកអ្នកថ្មីដែរ ម៉េចមិនទៅរកមនុស្សល្អដែរទៅ ម៉េចក៏បានតែប្រាប់គេ? ម៉េចក៏បានតែដេញខ្ញុំ?»
ព្រោះខឹងខ្លាំងពេក ខ្ញុំក៏លេងទៅមួយប្រយោគយ៉ាងវែង ព្រោះគេចូលចិត្តដេញខ្ញុំអោយទៅស្រលាញ់អ្នកផ្សេង ទាំងដែលខ្ញុំស្រលាញ់គេសឹងស្លាប់ ហេតុអីចូលចិត្តបំផ្លាញទឹកចិត្តខ្ញុំបែបនេះ? ខ្ញុំឈឺចាប់ណាស់ដឹងអត់? ខ្ញុំដឹងថាខ្លួនឯង គ្មានចំណែកណាអាចប្រៀបនឹងអ្នកចាស់ឡើយ នាងល្អ នាងស្អាត នាងឆ្លាតយល់គ្រប់ស្ថានការណ៍ គួរអោយស្រលាញ់ដល់ថ្នាក់ខ្ញុំជាមនុស្សស្រីក៏យល់ថានាងអស្ចារ្យដែរ ប៉ុន្តែពេលនេះនាងទៅបាត់ហើយ ហេតុអីក៏មិនអាចសម្លឹងមកខ្ញុំខ្លះ ឬក៏ចាំរហូតដល់ខ្ញុំសល់តែដង្ហើមចុងក្រោយទើបមកខ្សិបតិចៗថាស្រលាញ់ ខ្សិបថាប្រាប់ថាអាចភ្លេចអ្នកចាស់មែនទេ?
«...» គេមិនបានតបនឹងសំនួររបស់ខ្ញុំទេ គេគ្រាន់តែនៅស្ងៀមទំនងរកអ្វីនិយាយឆ្លើយតបមិនបាន។
«មែនហើយខ្ញុំភ្លេចទៅ ថាសម្រាប់លោកផែនដីនេះមិនអាចរកអ្នកណាផ្ទឹមនឹងនាងបានឡើយ សម្រាប់លោកនាងល្អគ្រប់យ៉ាង ខ្ញុំទេដែលល្ងង់ គិតថាលោកអាចនឹងសម្លឹងអ្នកផ្សេងខ្លះ» ខ្ញុំសួរខ្លួនឯងអាកាត់ឆ្លើយខ្លួនឯង ព្រោះនៅក្បែរគេយូរខ្ញុំល្មមអាចយល់អារម្មណ៍របស់គេបាន។
«ម្នាក់នោះនៅទីណា?» ឧត្តមគេស្រាប់តែសួរបកមកវិញ សំឡេងរបស់គេហាក់ដូចជារវើរវាយ ប៉ុន្តែក៏ហាក់ដូចជាសំនួរដែលប្រាកដប្រជាដែរ។
«ថាម៉េច?»
«ខ្ញុំនឹងសាកល្បងមើលអ្នកផ្សេង បើនាងអាចបង្ហាញមនុស្សម្នាក់នោះអោយខ្ញុំឃើញ! បែបនេះល្អទេ យើងសាកល្បងស្វែងរកមនុស្សល្អរាងខ្លួនទៅ» គេបន្ថែមស្រាលៗជាមួយប្រយោគយ៉ាងវែងធ្វើអោយខ្ញុំនឹកឆ្ងល់ ប៉ុន្តែក៏មានអារម្មណ៍ថាឈឺចាប់ គេប្រាប់ថាចង់ស្វែងរកអ្នកល្អដែរអាចអោយគេបំភ្លេចម្នាក់នោះបាន ប៉ុន្តែហេតុអី...មិនមែនជាខ្ញុំ?
«គិតចង់ដេញខ្ញុំមែន ធុញដែលមានខ្ញុំនៅក្បែរមែនទេ?»
«...»
«មនុស្សម្នាក់នេះរំខានពេកមែនអត់?»
«....»
«សុំទោសកន្លងមកខ្ញុំធ្វើអោយលោកស្មុគស្មាញច្រើនហើយ» ខ្ញុំល្ងង់ដែលសួរសំនួរបែបហ្នឹង ទាំងដែលដឹងយើងថាចម្លើយនោះគឺជាស្អី មែនហើយ ខ្ញុំរំខានពេកហើយ ពេលខ្លះខ្លួនឯងក៏យល់ថាខ្លួនឯងគួរអោយធុញដែរ។ នៅទីបំផុតខ្ញុំក៏សម្រេចចិត្តក្រោកចេញពីគេ ប៉ុន្តែកដៃរបស់ខ្ញុំបែរជាត្រូវចាប់ជាប់ ខ្ញុំមិនបានងាកទៅប្រឈមគេម្តងទៀតឡើយព្រោះមិនចង់ស្តាប់ពាក្យដែលគេនិយាយថានឹកអ្នកចាស់ម្តងទៀត ទើបនៅចម្រៀកវិនាទីនោះខ្ញុំក៏សម្រេចចិត្តកន្ត្រាក់ដៃយ៉ាងខ្លាំងចេញពីគេព្រមទាំងលើកដៃមកបិទត្រចៀកបន្ទាប់មកក៏រត់យ៉ាងលឿនចាកចេញពីគេ បើគេធុញហើយយើងនៅធ្វើអី បើគេដេញហើយមិនគួរនៅធ្វើមុខក្រាស់បន្តទេ ខ្ញុំលឺគេស្រែកហៅឈ្មោះខ្ញុំល្វើយៗ ប៉ុន្តែខ្ញុំក៏មិនឆ្លើយហើយព្យាយមរត់ចេញទៅយ៉ាងលឿន យ៉ាណាក៏ដោយមនុស្សស្រីដែលគេចង់យកមកជំនួសអ្នកចាស់ក្នុងបេះដូងរបស់គេមិនមែនជាយើងទេ រៀនទទួលការពិត ហើយកាត់ចិត្តទៅ....។
ពេលខ្លះខ្ញុំតែងតែសួរខ្លួនឯងថាគួរតែឈប់ត្រឹមហ្នឹងល្អទេ? ខួរក្បាលគេប្រាប់ថាឈប់អោយធ្វើមនុស្សល្ងង់ហើយ ប៉ុន្តែបេះដូងក៏ស្រាប់តែតវ៉ាមិនឈប់ នៅតែទ្រាំស្រលាញ់គេដដែល....តែពេលនេះ...ខ្ញុំស្រាប់តែយល់ថាពិបាកទ្រាំខ្លាំងណាស់ វាឈឺចាប់ពេករហូតខ្ញុំពិបាកនឹងប្រឈមមុខជាមួយគេ ទើបជ្រើសរើសចាកចេញដើម្បីកុំអោយខ្លួនឯងក្លាយជាមេរំខានសម្រាប់ឆាកជីវិតរបស់គេ។
ការសម្រេចចិត្តមួយនេះប្រហែលជារឿងដែលត្រឹមត្រូវបំផុត គឺខ្ញុំសម្រេចចិត្តថាមិនរំខានគេទៀតទេ ទោះបីពេលនេះបីដូងរបស់ខ្ញុំទាមទារនៅក្បែរគេយ៉ាងណាក៏ដោយ។ ជីវិតស្នេហាដែលមានត្រឹមតែជើងត្រដររស់ដើម្បីរក្សាដង្ហើមស្នេហ៍ដ៏ទន់ខ្សោយ គឺពិតជាហត់នឿយខ្លាំងណាស់ ខ្ញុំកីមិនចង់អោយគេមានសម្ពាធអ្វីដែរ បើគេមិនទាន់ភ្លេចអ្នកចាស់ខ្ញុំក៏មិនបង្ខំគេឡើយ ព្រោះខ្ញុំក៏ដឹងថាគ្មានអ្នកណាអាចបំភ្លេចនរណាម្នាក់បានដោយងាយឡើយ ជាក់ស្តែងគឺខ្ញុំនេះឯង គឺមិនអាចភ្លេចមនុស្សដែលមិនស្រលាញ់ខ្ញុំបានឡើយ។
បំភ្លេចគេមិនបានកាន់តែឃ្លាតគឺកាន់តែនឹក កាន់តែគិតក៏កាន់តែឈឺចាប់ខ្លាំង ពេលភ្លេចគេគឺមានតែពេលដែលខ្ញុំគេងលក់ប៉ុណ្ណោះ ព្រោះពេលនោះខួរក្បាលរបស់ខ្ញុំបានសំរាកមិនមានដំណើរការឡើយ។
Cr: មយូរា
0 Comments