** Kune kune ( wriggling body )
Kune kune គឺជាខ្មោច ឬវិញ្ញាណដែលគេជឿជាក់ថាវាពិតជាមានពិតមែននៅខេត្ត ឬស្រុកដែលឆ្ងាយៗ នៅប្រទេសជប៉ុន ។ ប្រជាជនជប៉ុនហៅវាថា
" くねくね, " ( kune kune ) ដែលមានន័យថា ភាពបត់បែន ការយោល ឬ ដំណើរដែលរាងកាយវៀចចុះឡើង ។ គេបាននិយាយថាយើងមិនអាចរៀបរាប់ពីរូបរាងរបស់វាបានឡើយ ព្រោះបើសិនជាយើងឃើញ ឬមើលវាចំនោះ វានឹងធ្វើអោយយើងប្រែទៅជាឆ្កួត ឬប្រសៃប្រសាទមួយរំពេច អ្វីដែលយើងបានឃើញគឺវាមានពណ៌ស ហើយវាវិលចុះវិលឡើង ។
បុរសជនជាតិជប៉ុនម្នាក់ គាត់បាននិយាយអំពីកាលដែលគាត់បានឃើញវាកាលពីគាត់នៅជាកុមារា ហើយគាត់បាននិយាយថា :
កាលពីខ្ញុំនៅក្មេង ប៉ាម៉ាក់របស់ខ្ញុំបាននាំខ្ញុំ និងបងប្រុសទៅលេងលោកតា និងលោកយាយរបស់ខ្ញុំ ។ យើងមិនសូវបានទៅលេងផ្ទះរបស់គាត់ទេ ព្រោះផ្ទះរបស់គាត់នៅឯជាយក្រុង " 秋田 " ( អាគីតា ) ។ គ្រាន់តែពួកយើងបានធ្វើដំណើរមកដល់ផ្ទះលោកតា លោកយាយភ្លាម ខ្ញុំនិងបងប្រុសបានចេញទៅលេងនៅខាងក្រៅ ។ ខ្យល់នៅទីនោះពិតជាស្រស់ស្រាយខ្លាំងណាស់ វាពិតជាស្រស់ស្រាយជាងនៅទីក្រុងដែលយើងធ្លាប់រស់នៅរាល់ដង ។ យើងបានបន្តដំណើរទៅកាន់វាលស្រែដ៏ធំល្វឹងល្វើយ ។ ព្រះអាទិត្យកំពុងតែរះខ្ពស់នៅលើមេឃ ជាហេតុធ្វើអោយមានអាកាសធាតុក្ដៅយ៉ាងខ្លាំង វាបានធ្វើអោយខ្ញុំហត់នឿយខ្លាំងណាស់ ។ ភ្លាមៗនោះបងប្រុសរបស់ខ្ញុំបានបញ្ឈប់ដំណើររបស់គាត់ ហើយគាត់បានក្រលែកទៅមើលអ្វីម្យ៉ាងដែលនៅឆ្ងាយ ។
" បងកំពុងតែមើលអ្វីហ្នឹង? " ខ្ញុំសួរគាត់
" របស់អ្វីម្យ៉ាងនៅទីនោះ " គាត់ឆ្លើយ
ជ្រុងម្ខាងនៃវាលស្រូវដែលនៅឆ្ងាយគួរសម ហើយនៅតំបន់នោះគឺពោរពេញទៅដោយខ្សាច់ ។ ខ្ញុំបានខំប្រឹងប្រើភ្នែកទាំងគូរបស់ខ្ញុំសម្លឺងមើលទៅកន្លែងនោះ ប៉ុន្តែខ្ញុំមិនអាចមើលឃើញថាវាជាអ្វីអោយពិតប្រាកដនោះទេ ។ អ្វីដែលខ្ញុំអាចមើលឃើញនោះគឺជារបស់អ្វីម្យ៉ាងដែលមានពណ៌ស មានរូបរាងប្រហាក់ប្រហែលនឹងមនុស្សដែរ វាបានយោលចុះយោលឡើងហាក់បីដូចជាវាកំពុងបក់ចុះឡើងទៅតាមខ្យល់ ។
" ប្រហែលវាជាទីងមោងដែលគេដាក់ដើម្បីកុំអោយសត្វស្លាប់មកស៊ីស្រូវហើយមើលទៅ " ខ្ញុំនិយាយ
" ទេវាមិនមែនជាទីងមោងទេ " បងប្រុសខ្ញុំតប " ទីងមោងមិនអាចរង្គើបែបនេះបានឡើយ "
" អញ្ចឹងប្រហែលវាជាកម្រាលពូក ឬកម្រាលតុដែលអ្នកនៅក្បែរៗនេះយកមកហាលហើយ " ខ្ញុំនិយាយ
" ទេវាមិនមែនជាកម្រាលទេ " បងប្រុសរបស់តបមកខ្ញុំ " គ្មានអ្នកណារស់នៅម្ដុំនេះឡើយ ហើយពេលនេះគ្មានខ្យល់ឡើយ ហេតុអ្វីវានៅតែរង្គើបែបនេះ ។ វាគឺជាអ្វីអោយប្រាកដ ? "
ខ្ញុំមានអារម្មណ៍ចម្លែកនិងមិនស្រួលនៅក្នុងក្រពះរបស់ខ្ញុំ ។ ពេលនោះបងប្រុសរបស់ខ្ញុំបានរត់ទៅផ្ទះ ហើយនៅពេលដែលគាត់មកវិញគាត់បាននាំយកកែវយឹតមកជាមួយគាត់ទៀតផង ។
" ខ្ញុំអាចមើលវាបានទេ " ខ្ញុំសួរគាត់
ខ្ញុំបានទាញវាយកមកមើល តែបងខ្ញុំបានច្រានខ្ញុំចេញ
" ទេ បងមើលមុន " គាត់និយាយដោយសើចតិចៗ " បងអាយុច្រើនជាងឯង ឯងអាចមើលវាបាននៅពេលដែលបងមើលវារួច "
គ្រាន់តែបងរបស់ខ្ញុំចាប់កាន់កែវយឹតនោះដាក់ទៅនឹងភ្នែករបស់គាត់ភ្លាម ខ្ញុំក៏ចាប់អារម្មណ៍ថា អារម្មណ៍របស់គាត់បានផ្លាស់ប្ដូរមួយរំពេច ។ មុខរបស់គាត់ចាប់ផ្ដើមប្រែទៅជាស្លេកស្លាំង ហើយខ្លួនប្រាណគាត់ចាប់ផ្ដើមបែកញើស ។ បងប្រុសរបស់ខ្ញុំបានទម្លាក់កែវយឹតចោលទៅនឹងដី ពេលនោះខ្ញុំអាចមើលឃើញពីភាពភ័យខ្លាចនៅក្នុងកែវភ្នែកទាំងគូរបស់គាត់បាន ។
" វាគឺជាអ្វី? " ខ្ញុំបានសួរគាត់ទាំងភិតភ័យ
បងប្រុសរបស់ខ្ញុំបានតបមកដោយសម្លេងខ្សោយថា
" នោះគឺជាវា...នោះគឺជាវា...នោះគឺជាវា..."
វាមិនមែនជាសម្លេងរបស់គាត់ទេ
គាត់បានដើរទៅផ្ទះវិញទុកអោយខ្ញុំឆ្ងល់តែម្នាក់ឯង ក្រោយពេលដែលគាត់និយាយពាក្យ៤ម៉ាត់នោះ ។ ពិតជាមានអ្វីមួយមិនប្រក្រតីហើយ ជាមួយនឹងដៃដ៏ញ័ររបស់ខ្ញុំ ខ្ញុំបានរើសយកកែវយឹតដែលបានជ្រុះទៅនឹងដីនោះមក តែខ្ញុំមិនហ៊ានយកវាមកមើលនោះទេ ។
ពេលនោះខ្ញុំបានសង្កេតឃើញថាអ្វីម្យ៉ាងដែលមើលទៅមានពណ៍សនោះនៅតែរង្គើបក់ចុះបក់ឡើងដដែល ។
បន្ទាប់មកលោកតារបស់ខ្ញុំបានរត់មករកខ្ញុំយ៉ាងលឿន
" តើចៅកំពុងតែធ្វើអ្វីជាមួយកែវយឹតនេះ? " លោកតាបានសួរមកខ្ញុំ
" អត់មានអីទេលោកតា " ខ្ញុំតប " ខ្ញុំគ្រាន់តែមើលរបស់អ្វីម្យ៉ាងដែលមានពណ៌សនៅទីនោះ " ខ្ញុំនិយាយព្រមទាំងចង្អុលទៅកន្លែងដែលរបស់នោះនៅ
" ស្អីគេ? " គាត់ស្រែក " ចៅមិនគួរមើលវានោះទេ "
លោកតាបានកញ្ឆក់កែវយឹតពីដៃរបស់ខ្ញុំយ៉ាងលឿន
" តើឯងបានមើលវាដែលទេ? " គាត់សម្លុតខ្ញុំទាំងកំហឹង
" ទេ " ខ្ញុំនិយាយតិចៗ " មិនទាន់បានមើលទេ "
លោកតាដកដង្ហើមធំហើយនិយាយ " ល្អ ល្អណាស់ "
ខ្ញុំត្រូវបានលោកតានាំទៅផ្ទះវិញដោយមិនបានដឹងថាមានរឿងកើតឡើងច្បាស់លាស់ឡើយ ។ នៅពេលដែលខ្ញុំដើរទៅចង្ក្រានបាយ ខ្ញុំបានឃើញគ្រប់យំ បន្ទាប់ពីឃើញបងប្រុសរបស់ខ្ញុំរមៀលនៅលើឥដ្ឋ ព្រមទាំងសើចដូចជាមនុស្សឆ្កួត ។ គាត់បានធ្វើកាយវិការវិលចុះវិលឡើង យោលចុះឡើងឆ្វេងស្ដាំដូចជារបស់អ្វីម្យ៉ាងដែលខ្ញុំបានឃើញនៅឯវាលស្រែនោះ ។
ខ្ញុំមិនយល់ថាមានអ្វីកើតឡើងនោះទេ វាពិតជាគួរអោយខ្លាចណាស់ដែលបានឃើញបងប្រុសរបស់ខ្ញុំក្លាយទៅជាបែបនេះ ។ នៅពេលនោះខ្ញុំចាប់ផ្ដើមស្រែកយំយ៉ាងខ្លាំង ។
គាត់មិនមែនជាបងប្រុសរបស់ខ្ញុំទៀតនោះទេ គាត់បានបាត់បង់សតិរបស់គាត់ទៅហើយ ។
ថ្ងៃបន្ទាប់មក ប៉ាម៉ាក់របស់ខ្ញុំបានសម្រេចចិត្តនាំខ្ញុំ និងបងប្រុសទៅផ្ទះវិញ ។ លោកតា និងលោកយាយបានឈរនៅរានហាលខាងមុខផ្ទះមើលមកខ្ញុំព្រមជាមួយនឹងទឹកមុខដ៏ក្រៀមក្រំមកពួកខ្ញុំ ។ ខ្ញុំបានអង្គុយនៅកៅអីខាងក្រោយជាមួយបងប្រុសរបស់ខ្ញុំ ។ គាត់នៅតែបន្តសើចដូចជាអ្នកជម្ងឺវិកលចរិកអញ្ចឹង ។ ពួកយើងចាំបាច់ត្រូវតែចងគាត់ឡើង ដើម្បីបញ្ឈប់គាត់ពីការរើផ្តេសផ្ដាស ។ មើលទៅបងប្រុសរបស់ខ្ញុំហាក់បីដូចជាគាត់សប្បាយចិត្តខ្លាំងណាស់ ប៉ុន្តែនៅពេលដែលខ្ញុំមើលទៅកែវភ្នែករបស់គាត់ ទើបដឺងថាគាត់កំពុងតែហូរទឹក
ភ្នែក ។ ទឹកភ្នែករបស់គាត់បានធ្លាក់មកលើខ្នងរបស់ខ្ញុំនៅពេលដែលខ្ញុំកំពុងអោបគាត់ ។ ថ្ពាល់ដ៏ម៉ត់រលោងរបស់គាត់បានពោរពេញទៅដោយទឹកភ្នែក ប៉ុន្តែគាត់នៅតែបន្តការសើចរហូត ។ ប៉ារបស់ខ្ញុំបានចុះពីឡានជាមួយនឹងកែវយឹតដែលបងខ្ញុំបានប្រើនោះ ពេលនោះគាត់បានបោកកែវយឹតនោះយ៉ាងខ្លាំងទៅនឹងដី រួចបានចូលមកក្នុងឡានវិញដោយមិននិយាយអ្វីទាំងអស់ ។
មានបុរសជនជាតិជប៉ុនម្នាក់ទៀតក៏បានជួបនឹង Kane kane កាលពីគាត់នៅក្មេងដែរ ហើយគាត់បាននិយាយថា :
កាលពីខ្ញុំនៅជាកុមារាម្នាក់ ខ្ញុំរស់នៅក្នុងភូមិតូចមួយដែលនៅជាប់នឹងឆ្នេរសមុទ្រក្នុងស្រុក 千葉 ( ឈីបា ) ។ នៅល្ងាចមួយ ពូរបស់ខ្ញុំបាននាំខ្ញុំទៅដើរកំសាន្តនៅលើឆ្នេរសមុទ្រ ។ នៅពេលដែលយើងកំពុងដើរកំសាន្ត ខ្ញុំបានក្រលែកមើលទៅសមុទ្រ ក៏ប្រទះឃើញអ្វីម្យ៉ាងពណ៌សនៅយ៉ាងឆ្ងាយ ។ វាគឺជារបស់ម្យ៉ាងដែលវែង ហើយវារង្គើចុះឡើងទៅមុខទៅក្រោយ ។ ខ្ញុំពិតជាឆ្ងល់ណាស់ថាវាគឺជាអ្វី ។
" ពូ! មើលហ្ន៎ក វាគឺជាអ្វីហ្នឹង? " ខ្ញុំសួរគាត់
ពូរបស់ខ្ញុំបានព្យាយាមសម្លឹងមើលទៅវា ពេលនោះខ្ញុំបានសង្កេតឃើញថា គាត់ទៅជាស្លេកស្លាំង ចំណែកឯកែវភ្នែករបស់គាត់វិញពិតជាគួរអោយខ្លាចខ្លាំងណាស់ គាត់មិនអាចឈប់មើលវាបានទេ ។
" ឆាប់រត់ភ្លាមទៅ " ពូរបស់ខ្ញុំនិយាយទាំងវីវក់
ខ្ញុំមិនដឹងថាគួរធ្វើយ៉ាងណាទេ ប៉ុន្តែខ្ញុំពិតជាខ្លាចខ្លាំងណាស់ ។ ដូច្នេះខ្ញុំបានរត់ទៅផ្ទះយ៉ាងលឿន ហើយបានប្រាប់រឿងគ្រប់យ៉ាងទៅលោកតា ។
ពេលនោះលោកតាបាននិយាយថា " វាគឺជា Kune kune ចៅពិតជាសំណាងល្អណាស់ដែលអាចគេចផុតពីវាបាន ចៅមិនត្រូវមើលមុខរបស់វាចំនោះទេ ហើយពូរបស់ឯងនៅឯណា? "
" គាត់កំពុងតែនៅឆ្នេរសមុទ្រដដែល " ខ្ញុំតបទាំងសម្លេងញ័រ
" ខ្ញុំត្រូវតែទៅជួយកូនប្រុសរបស់ខ្ញុំ " លោកតានិយាយ
លោកតាបានរត់យ៉ាងលឿនទៅកាន់ឆ្នេរសមុទ្រតាមដែលគាត់អាចធ្វើបាន ។ ខ្ញុំបានរត់តាមពីក្រោយគាត់ដោយការបារម្ភ និងភាពភ័យខ្លាច ។ ខ្ញុំអាចមើលឃើញថាពូរបស់ខ្ញុំនៅតែឈរនៅកន្លែងដដែល វាហាក់បីដូចជាគាត់បានកករឹងនៅមួយកន្លែង ហើយកំពុងសម្លឹងមើលទៅរបស់អ្វីម្យ៉ាងពណ៌សដែលតារបស់ខ្ញូំហៅវាថា Kune kune នោះ ។ លោកតារបស់ខ្ញុំបានកាច់មែកឈើមួយ ហើយយកវាមកដាក់ជិតពូរបស់ខ្ញុំ រួចគាត់ក៏បានសូត្រអ្វីម្យ៉ាងដែលវាដូចជាការបួងសួង ។ គាត់តែងតែមើលចុះទៅក្រោម និងព្យាយាមមិនមើលទៅកាន់របស់ម្យ៉ាងដែលមានពណ៌សនោះ ។
លោកតាបាននាំពូរបស់ខ្ញុំទៅផ្ទះវិញ បន្ទាប់ពីគាត់ត្រូវបានជួយសង្គ្រោះ ។ តាំងពីមានរឿងដ៏ចម្លែកនោះបានកើតឡើងទៅពេទ្យជាប្រចាំ ។ លោកពូរបស់ខ្ញុំបានផ្លាស់ប្ដូរហើយ គាត់មិនមែនជាគាត់ដូចពីមុនឡើយ ៕
ដោយ រុក្ខា
0 Comments