ហាមឃាត់បេះដូង
ព្រឹកថ្ងៃថ្មី...
កម្តៅព្រះអាទិត្យចាំងមកប៉ះមុខរបស់ខ្ញុំរំខានដល់ការដេកដែលមិនស្កប់ស្កល់របស់ខ្ញុំ នៅទីបំផុតខ្ញុំក៏សម្រេចចិត្តថាត្រូវតែភ្ងាក់ឡើងព្រោះដេកបន្តលែងបានហើយ។ ប្រអប់ដៃតូចរបស់ខ្ញុំឈោងទៅចាប់នាឡិកាដែលដាក់តាំងនៅលើតុក្បែរគ្រែយកមកមើលដឹងថាម៉ោងប៉ុន្មានហើយ។
«ព្រះអើយ....ម៉ោងប្រាំពីរហើយ....! មិនទាន់ទេ គេឃ្លានស្លាប់ហើយ» ក្រោយពេលដែលច្បាស់ថាពេលនេះម៉ោងប៉ុន្មានខ្ញុំក៏គ្រវេងនាឡិកាដាក់ចោលលើតុជាបណ្តោះអាសន្នសិន មុននឹងស្ទុះវឹងចូលទៅបន្ទប់ទឹកដើម្បីដោះស្រាយធុរៈខ្លួនឯងសិន ទើបប្រញាប់ចុះមកក្រោមដើម្បីតម្រង់ទៅផ្ទះបាយ។
ព្រឹកនេះគួរធ្វើអីអ៊ីចេះ? អូ៎មែនហើយ...ឧត្តមគេចូលចិត្តញ៉ាំសូស៊ី បែបនេះធ្វើស៊ូស៊ី យកអោយគេល្អទេ?
ក្រោយការពិតបែបស្រពិចស្រពិលតែម្នាក់ឯងរួចហើយនោះ ខ្ញុំក៏ប្រញាប់រៀបចំធ្វើស៊ូស៊ីភ្លាម ព្រោះតែម្នាក់នោះចូលចិត្តញ៉ាំវាទើបនៅក្នុងទូរទឹកកករបស់ខ្លួនភាគច្រើនគឺគ្រឿងទេសដើម្បីធ្វើស៊ូស៊ី...។
មួយសន្ទុះក្រោយមកគ្រប់យ៉ាងក៏ចប់ស្រេចបាច់ ខ្ញុំក៏រៀបចំស៊ូស៊ីស្អាតៗទាំងគួរអោយចង់ញ៉ាំទាំងនោះដាក់ទៅក្នុងប្រអប់ទាំងស្នាមញញឹម ប៉ុន្តែភ្លាមៗនោះ...
«នាងឆ្កួតហើយ...ក្រែងសន្យាថាមិនរំខានគេទេមែនទេ? ហើយប្រឹងធ្វើវាធ្វើអីទៀត?» ខ្ញុំស្រែកជេខ្លួនឯងតិចៗពេលដែលនឹកឃើញថា ខ្លួនឯងអស់សិទ្ធិដែលបង្ហាញខ្លួននៅចំពោះមុខគេទៀតហើយ គេបញ្ជក់ច្បាស់ៗថាយើងជាចំណែកលើសនៅក្នុងឆាកជីវិតរបស់គេ។
ទឹកភ្នែករបស់ខ្ញុំរមៀលស្រក់ចុះមកសន្សឹមៗក្រោយពេលដែលភ្ញាក់ខ្លួន ដឹងច្បាស់ថាខ្លួនឯងកំពុងតែឈរនៅក្នុងឋានៈមួយណាក្នុងចិត្តរបស់បុរសម្នាក់នោះ...។ ដំណក់ទឹកភ្នែករបស់ខ្ញុំស្រក់ចុះមកលើដុំស៊ូស៊ីដែលត្រូវបានកាត់យ៉ាងស្អាតនឹងផ្ចិតផ្ចង់បំផុត ប៉ុន្តែនៅទីបំផុតវាក៏បានត្រឹមតែដេកនៅក្នុងប្រអប់ដដែល ម្រាមដៃតូចៗរបស់ខ្ញុំលើកឡើងទាំងញ័រទទ្រើតហើយចាប់ដុំស៊ូស៊ីទាំងញ៉ាំមកខាំញ៉ាំតិចៗ ខ្ញុំស្រាប់តែយល់ថារសជាតិរបស់វាប្រៃលាយល្វីងបន្ទាប់ពីលាយឡំជាមួយនឹងដំណក់ទឹកភ្នែករបស់ខ្ញុំ។
ខ្ញុំឈឺអួលក្នុងទ្រូងពេលដែលទទួលដឹងពីរសជាតិរបស់វា ប៉ុន្តែខ្ញុំនៅតែទ្រាំលេបវាបន្តទោះដឹងថាឈឺចាប់ខ្លាំងប៉ុណ្ណាក៏ដោយ។ ខ្ញុំសារភាពខ្ញុំពិតជានឹកគេខ្លាំងណាស់ នឹកសឹងតែឆ្កួតទៅហើយ នឹកគេរហូតភ្លេចខ្លួនចង់ទៅជួបគេម្តងទៀត...។
«ខ្ញុំពិតជានឹកគេខ្លាំងណាស់ ធ្វើយ៉ាងម៉េចទើបខ្ញុំអាចភ្លេចគេបាន? ជួយប្រាប់ខ្ញុំផងអ្នកណាក៏បានដែរ ហ៊ឹក....ហ៊ឹក...បើដឹងថាស្រលាញ់គេតែម្នាក់ឯងហត់ម្លឹង ខ្ញុំសុខចិត្តមានបេះដូងទទេស្អាតវិញល្អជាង មិនបាច់អោយអ្នកណាជ្រៀតចូលមកធ្វើបាបវាអោយគ្រាំគ្រាយ៉ាងនេះនោះទេ តែពេលនេះជួយលែងទាន់ហើយ ព្រោះខ្ញុំជ្រុលស្រលាញ់គេខ្លាំងបាត់ទៅហើយ»
ពេលនឹកគេគឺដឹងច្បាស់ណាស់ថាសោកសៅ ប៉ុន្តែខ្ញុំនៅតែប្រឹងត្រដរនឹកគេទៀត ហេតុអីឆាកជីវិតមួយនេះអយុត្តិធម៌ម្ល៉េះ បែរជាអោយខ្ញុំលង់ស្នេហ៍គេតែម្នាក់ឯង។
«ថ្មាលនេះគេឃ្លានហើយដឹង? មនុស្សទម្លាប់ឆ្កួតនឹងការរៀនសូត្រដូចគេច្បាស់ជាមិនទៅឆ្លៀតពេលទៅរកអ្វីញ៉ាំនោះទេ» ខ្ញុំបានតែគិតទាំងបារម្ភ ព្រោះគេគឺតែងតែបែបនោះ បើសិនខ្ញុំមិនបានធ្វើអីអោយគេញ៉ាំ គេច្បាស់ជាអង្គុយនៅតុអោនងើបៗនឹងលំហាត់ដែលមានមិនចេះចប់មិនចេះហើយ....ខ្ញុំបារម្ភ...គឺបារម្ភទៀតហើយ...
ហើយនៅទីបំផុតខ្ញុំក៏សម្រេចចិត្តថាធ្វើអាហារពេកព្រឹកថ្មីសម្រាប់គេដដែល គ្រាន់តែ....
«អេស៎...ម៉ានិត...!» បន្ទាប់ពីរៀបចំគ្រប់យ៉ាងហើយខ្ញុំក៏សម្រេចចិត្តកាន់ប្រអប់បាយមកឈរនៅមុខម្ចាស់សម្លឹងមើលមានអ្នកណាដើរកាត់ឬអត់ ហើយទេវតាក៏បញ្ចូនមកមែន។
«មានការអីនីន?»
«ជួយយកវាទៅអោយ ឧត្តមបន្តិចបានអត់? ថ្ងៃនេះរវល់មិនបានយកទៅខ្លួនឯង» ខ្ញុំព្យាយាយមនិយាយកុហកទាំងមុខញញឹម ទាំងដែលក្នុងចិត្តកើតទុកសឹងស្លាប់ទៅហើយ។
«អូខេ...ជួនជាចង់ទៅផ្ទះវាផ្ទៀងលំហាត់ល្មម» ម៉ានិត តបមកវិញព្រមទាំងទទួលយកប្រអប់បាយពីក្នុងដៃរបស់ខ្ញុំ។
«អរគុណច្រើន...!»
«ហ៊ម...អត់អីទេ» គេសើចតិចៗបន្ទាប់មកក៏ចាកចេញទៅ ចំណែកខ្ញុំក៏បានតែបោះជំហានចូលទៅក្នុងផ្ទះយ៉ាងសោកសៅ...។
ពេលថ្ងៃត្រង់...
«វណ្ណៈឈប់សិន...!»
«មានការអីម៉ានីន?» អ្នកដែលខ្ញុំហៅបញ្ឈប់ដំណើររបស់គេ បន្ទាប់មកក៏ងាកមកសម្លឹងខ្ញុំព្រមទាំងសើចតិចៗ។
«ទៅផ្ទះឧត្តមមែន?» ខ្ញុំសួរឡើងព្រមទាំងសង្ឃឹមក្នុងចិត្តថាគេនឹងទៅទីនោះពិតមែន...។
«ហ្នឹងហើយ មានការអីហ្អ៎?»
«ជួយយកវាទៅអោយគេផង» ខ្ញុំហុចប្រអប់បាយថ្ងៃត្រង់ដែលតាំងចិត្តធ្វើអោយទៅវណ្ណៈព្រមទាំងព្យាយាមញញឹមអោយបានស្រស់បំផុត។
«ថ្ងៃនេះអត់ទៅធ្វើលំហាត់ទេហ្អី ក្រែងថាត្រៀមប្រឡងយកអាហារូបករណ៍ហ្អី?»
«ថ្ងៃនេះរវល់អត់បានទៅទេ អូ៎...ហើយកាន់អីហ្នឹង?» ក្រោយពេលដែលក្រឡេកឃើញក្រដាសជាច្រើនសន្លឹកនៅក្នុងដៃរបស់គេខ្ញុំក៏សួរឡើងភ្លាម។
«ហ្អ៎...ពាក្យសុំប្រឡងអាហារូបករណ៍ទៅចិន ប្អូនស្រីខ្ញុំនាងចង់ប្រឡង ព្រោះមុខវិជ្ជាគួរអោយចាប់អារម្មណ៍និយាយអំពីវប្បធម៌និងអរិយធម៌វានៅផ្នែកសង្គម មិនមែនវិទ្យាសាស្ត្រទេ»
«អូ៎គួរអោយចាប់អារម្មណ៍មែនតើ...!»
«ប្រឡងអត់?»
«ប្រឡងអី ខ្ញុំទៅមិនរួចទេ» ខ្ញុំសើចស្ងេញតបទៅវិញ រកអាហារូបករណ៍ក្រៅប្រទេសឯណាលោក តែនៅក្នុងប្រទេសនឹងរកពុទ្ធោមិនដឹងជាប់អត់ផង។
«សាកសិនទៅមានទៅខាតស្អី គេប្រឡងតែគណិតនិងអង់គ្លេសទេ អត់ច្រើនមុខណា នីន ឯងគណិតគ្រាន់បើដែរតើសាកទៅ នែក...! យកសិនទៅចាំខ្ញុំទៅយកពាក្យថ្មីអោយប្អូនខ្ញុំក៏បានដែរ» វណ្ណៈព្យាយាមជំរុញទឹកចិត្តខ្ញុំ ទាំងដែលខ្ញុំអត់មានជំនឿលើខ្លួនឯងសោះតែក៏ចង់សាកល្បងដែរ។
«អរគុណ...!»
«ចឹងទៅហើយណា បាយ...!»
«ហ៊ម...បាយ...»
អាហារូបកណ៍ទៅប្រទេសចិន? ខ្ញុំទន្ទេញសួរខ្លួនឯងនៅក្នុងចិត្តដដែលៗ ទាំងខ្លាចផងទាំងគ្មានជំនឿផង ទាំងចង់សាកល្បងដើម្បីទទួលបានវាផង ហើយនៅទីបំផុតខ្ញុំក៏សម្រេចចិត្តដាក់ពាក្យប្រឡងមែន សង្ឃឹមថាអាចជាប់ចុះ ព្រោះខ្ញុំនឹងព្យាយាមធ្វើវាអោយបាន វាគឺជាផ្លូវថ្មីនៃអនាគត ហើយក៏ជាផ្លូវមួយដែលអាចអោយខ្ញុំចាកចេញពីភាពឈឺចាប់ ប្រាំឆ្នាំដែលទៅរៀននៅប្រទេសក្រៅសមល្មមអាចអោយខ្ញុំធ្វើចិត្តបំភ្លេចគេបាន...មិនប្រាថ្នារកមនុស្សម្នាក់ថ្មីមកជំនួសតំណែងរបស់គេក្នុងបេះដូង ព្រោះខ្ញុំក៏មិនដឹងថាមនុស្សម្នាក់នោះនៅទីណាឡើយ...។
ម្រាមដៃតូចៗរបស់ខ្ញុំវាសលើអេក្រង់ទូរសព្ទទៅមកៗ កែអផ្សុកបន្ទាប់ពីការងាររៀនសូត្រចប់សមគ្រប់ ភ្លាមៗនោះខ្ញុំឃើញវណ្ណៈស៊ែនិងមែនសិនឈ្មោះរបស់ខ្ញុំលើផេកអាហារូបករណ៍ដែលខ្ញុំបានប្រឡងនោះ។
អូ៎ព្រះអើយ! ដូចធ្លាក់ពីលើមេឃខ្ញុំស្រាប់តែមានឈ្មោះនៅក្នុងចំណោមសិស្សដប់ប្រាំនាក់ដែលត្រូវទៅរៀនបន្តនៅប្រទេសចិន បេះដូងរបស់ខ្ញុំលោតញាប់ខ្លាំងណាស់ព្រោះរំភើបពិបាកនឹងពណ៌នា នៅទីបំផុតខ្ញុំក៏អាចធ្វើបានពិតមែន ការព្យយាមពិតជាបានផល...ព្រោះខ្ញុំក៏បានទទួលវាហើយ...។
ក្រោយពេលដែលដឹងច្បាស់ថាខ្លួនឯងជាប់ឈ្មោះទៅរៀនបន្តនោះ ខ្ញុំក៏ចាប់ផ្តើមត្រៀមគ្រប់យ៉ាងដើម្បីការធ្វើដំណើរដ៏ឆាប់រហ័សនោះ...ប៉ុន្តែខ្ញុំមិនទាន់ដាច់ចិត្តពីគេឡើយ ទើបនៅទីបំផុតខ្ញុំក៏បានត្រឹមតែទៅលួចមើលគេ ចង់ដឹងថាពេលនេះគេសុខសប្បាយឬអត់ ភ្លេចម្នាក់នោះឬនៅ? ឈប់ឈឺចាប់ឬនៅ តែចំពោះខ្ញុំនៅតែឈឺចាប់នៅឡើយមិនទាន់បាត់ទេ មួយរយៈពេលដែលខ្ញុំធ្វើខ្លួនឃ្លាតឆ្ងាយពីគេ ខ្ញុំដូចស្លាប់ទាំងរស់ ព្រោះមិនទាន់អាចធ្វើចិត្តបាននៅឡើយ បេះដូងឆ្កួតនេះនៅមិនទាន់អាចសម្របបានក្នុងការដែលលុបគេចេញពីបេះដូងឡើយ...។
ជាច្រើនថ្ងៃមកនេះខ្ញុំនៅតែព្យាយាមធ្វើអាហារពេលព្រឹកនិងពេលថ្ងៃត្រង់មកអោយគេដដែល គ្រាន់តែមិនបានយកមកដោយខ្លួនឯងប៉ុណ្ណោះ មិនយូរទេ...ប្រអប់បាយរបស់មនុស្សពូកែរំខាននឹងលែងបង្ហាញខ្លួនអោយទើសកែវភ្នែករបស់គេទៀតហើយ ព្រោះខ្ញុំនឹងចាកចេញទៅឆ្ងាយ...ឆ្ងាយសែនឆ្ងាយដែលមិនងាយនឹងត្រឡប់មកជួបជុំ...ព្រោះទោះបីពេលត្រឡប់មកវិញ ក៏ពួកយើងមិនមានសង្ឃឹមថានឹងបានធ្វើជាមនុស្សដែលស្គាល់គ្នាទៀតដែរ យ៉ាងណាពេលនេះយើងចាប់ផ្តើមធ្វើជាមនុស្សមិនស្គាល់គ្នាទៅហើយ....។
ខ្ញុំឃើញគេទម្លាក់ប៊ិចចុះបន្ទាប់មកក៏ឈោងដៃយកប្រអប់បាយដែលខ្ញុំអោយគេមកសម្លឹងម្តងមួយៗ (ខ្ញុំផ្ងើរអោយគេរាល់ថ្ងៃ វាច្បាស់ជាច្រើនណាស់ហើយពេលនេះ) ខ្ញុំឃើញគេហើបមាត់ម្ហបៗ តែមិនដឹងថាគេនិយាយអ្វីឡើយ សូម្បីតែទឹកមុខរបស់គេក៏ខ្ញុំមើលមិនដឹងដែរព្រោះនៅឆ្ងាយពីគ្នាពេក...ពេលនេះបេះដូងរបស់ខ្ញុំចាប់ផ្តើមលោតញាប់ខ្លាំងណាស់ គ្រាន់តែសង្ឃឹមថាគេអាចនឹងនឹកដល់ខ្ញុំខ្លះ បើទោះបីជាគ្មានសង្ឃឹមក៏ដោយ...យ៉ាងហោចណាស់ពេលដែលខ្ញុំបាត់មុខទៅ សុំត្រឹមតែគេអាចចងចាំឈ្មោះខ្ញុំ ចាំថាខ្ញុំជាមនុស្សរំខានម្នាក់ក្នុងឆាកជីវិតរបស់គេក៏គ្រប់គ្រាន់ដែរ។
នៅទីបំផុតខ្ញុំក៏សម្រេចចិត្តថានឹងឈានថយក្រោយចាកចេញពីគេឈប់សម្លឹងបន្ត ព្រោះខ្លាចថាបើឃើញគេហើយរង្គោះរង្គើរការសម្រេចចិត្តរបស់ខ្លួនឯង លាហើយមនុស្សដែលមិនធ្លាប់គិតថាស្រលាញ់ខ្ញុំ...!!
មួយខែក្រោយមក...
រយៈពេលមួយខែដែលខ្ញុំព្យាយាមផ្តាច់ខ្លួនពីពិភពខាងក្រៅ បែបថាគឺតាំងចិត្តធ្វើអ្វីតែម្នាក់ឯងរង់ចាំការចាកចេញ...ខ្ញុំបិទទូរសព្ទ មិនទាក់ទងទៅអ្នកណាក៏មិនចង់អោយអ្នកណាទាក់ទងមក ម្យ៉ាងទៀតដំណឹងដែលខ្ញុំនឹងត្រូវចាកចេញនេះ ខ្ញុំបានសុំចិត្តវណ្ណៈមិនអោយប្រាប់អ្នកណាឡើយ ព្រោះមិនចង់ស្ទាក់ស្ទើរចិត្តជាមួយផ្លូវឆ្ពោះទៅរកអនាគតថ្មី ដែលសំខាន់មួយរយៈនេះខ្ញុំក៏មិនសូវនៅផ្ទះព្រោះរវល់តែរត់ការលើឯកសារផ្សេងៗសម្រាប់ធ្វើដំណើរ ដូច្នេះហើយ ខ្ញុំក៏មិនមានពេលវេលាគ្រប់គ្រាន់សម្រាប់ជួបនឹងអ្នកណាទាំងអស់រហូតមកដល់ថ្ងៃនេះ...។ ថ្ងៃចុងក្រោយដែលខ្ញុំអាចនៅលើទឹកដីកម្ពុជាដើម្បីស្វែងរកឆាកជីវិតថ្មីដែលមានរយៈពេលដល់ទៅប្រាំឆ្នាំ ខ្ញុំបានធ្វើបាយប្រអប់ចុងក្រោយសម្រាប់ផ្ងើរទៅឧត្តម ព្រោះវាជាថ្ងៃចុងក្រោយហើយដែលខ្ញុំអាចធ្វើដើម្បីគេបាន សង្ឃឹមថាគេអាចសម្រេចក្តីប្រាថ្នារបស់ខ្លួន សង្ឃឹមគេអាចរកឃើញមនុស្សម្នាក់ដែលគេចង់ស្វែងរកដើម្បីអ្នកចាស់ (តែមិនមែនជាខ្ញុំ) សង្ឃឹមបែបនោះ...សង្ឃឹមគេមានក្តីសុខ...!!
នៅក្នុងអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញមនុស្សជាច្រើនធ្វើដំណើរទៅមក អ្នកខ្លះក៏ត្រូវចាកចេញអ្នកខ្លះក៏ត្រូវចូលមក ប៉ុន្តែថ្ងៃនេះគឺមានមនុស្សច្រើនណាស់ ព្រោះគ្រួសាររបស់និស្សិតអាហារូបករណ៍ជាច្រើននាក់ត្រូវមកជូនដំណើររបស់ពួកគេ។ ខ្ញុំអូសវ៉ាលីកាត់មនុស្សជាច្រើននាក់ទាំងអារម្មណ៍សោកសៅ បន្តិចទៀតខ្ញុំនឹងចាកចេញទៅហើយ ខ្ញុំស្រាប់តែមានអារម្មណ៍ថាចង់ជួបគេខ្លាំងណាស់ ទាំងដឹងថាមិនអាច ទាំងដឹងថាគ្មានសង្ឃឹម ខ្ញុំងាកក្រោយច្រើនដកដើម្បីរកគេទាំងដែលដឹងហើយថាគេច្បាស់ជាមិនមកឡើយ ព្រោះគេក៏មិនដឹងថាខ្ញុំចាកចេញ ប៉ុន្តែទោះបីគេដឹង ក៏មិនសង្ឃឹមថាគេមកដែរ...។
«សូមមានក្តីសុខណា៎...ប្រញាប់ភ្លេចគេហើយស្វែងរកឆាកជីវិតថ្មីដើម្បីអនគតរបស់ខ្លួនឯងលឺទេ? សង្សាមានតែឈ្មោះម្នាក់នេះនឹងរក្សាចិត្តជូនពរលោក នឹងបួងសួងអោយលោកមានក្តីសុខណា ជូនពរអោយលោក អាចស្វែងរកម្នាក់នោះឃើញ ស្វែងរកមនុស្សស្រីម្នាក់ដែលអាចជំនួសសង្សាចាស់របស់លោកបាន...ខ្ញុំនឹងរីករាយពេលលោករកគេឃើញ ទោះគេនោះមិនមែនជាខ្ញុំក៏ដោយ...តែខ្ញុំក៏មិនប្រាថ្នារកអ្នកជំនួសលោកឡើយ ព្រោះខ្ញុំដឹងខ្លួនឯងមិនទាន់អាចភ្លេចលោកបាន»
ឧត្តមនិយាយ...
ច្រើនថ្ងៃហើយដែលម៉ានីន មិនបង្ហាញខ្លួនក៏មិនអាចទាក់ទងបានដូចគ្នា មិនថាលេខទូរសព្ទឬក៏បណ្តាញទាក់ទងក្នុងសង្គម នាងបិទទាំងអាខោនហ្វេសប៊ុកដែលធ្លាប់លេង ខ្ញុំឆ្ងល់ណាស់នាងបាត់ទៅណា។ ខ្ញុំព្យាយាមខលទៅច្រើនលើក ក៏ព្យាយាមផ្ងើរសារសុំទោសនាងច្រើនហើយ ប៉ុន្តែក៏មិនឃើញនាងតបមកវិញឡើយ ខ្ញុំដឹងថាសម្តីរបស់ខ្ញុំថ្ងៃមុននោះធ្វើអោយនាងខូចចិត្តណាស់ ប៉ុន្តែប្រាប់ថាត្រង់ខ្ញុំគ្មានចេតនា ព្រោះវាគ្រាន់តែជាអារម្មណ៍ដែលឆេវឆាវមួយពេលប៉ុណ្ណោះ ថ្ងៃដែលនាងរត់ចេញទៅទាំងទឹកភ្នែកនោះ ខ្ញុំចង់ឃាត់នាងតែក៏មិនដឹងឃាត់យ៉ាងម៉េច ព្រោះនាងកន្ត្រាក់ដៃខ្ញុំចេញព្រមទាំងរត់ទៅទាំងដែលខ្ញុំប្រឹងហៅក៏នាងមិនឈប់។
ពេលនោះខ្ញុំគិតបានតែត្រឹមថាថ្ងៃស្អែកនាងប្រាកដជាត្រឡប់មកវិញដូចរាល់លើក ព្រោះខ្ញុំជាប្រភេទមនុស្សអាក្រក់ដែលធ្វើអោយនាងខូចចិត្តញឹកញាប់ ម្តងណាក៏នាងទ្រាំនឹងកំហឹងហើយត្រឡប់មកលួងលោមនឹងយកចិត្តទុកដាក់លើខ្ញុំដែរ...តែម្តងនេះខុសគ្នា នាងស្រាប់តែបាត់ទៅមិនមកជួបមុខខ្ញុំដូចដែលប្រាប់មែន ប៉ុន្តែនាងក៏មិនភ្លេចការបារម្ភពីខ្ញុំ នាងនៅតែធ្វើអាហារអោយខ្ញុំហើយផ្ងើរតាមគេមករាល់ថ្ងៃ។ ដើមឡើយខ្ញុំចង់សុំទោសនាងភ្លាមៗបន្ទាប់ពីដឹងថានាងអន់ចិត្តខ្លាំងមែនទែន ប៉ុន្តែព្រោះពេលនោះជាពេលសំខាន់ដែលត្រូវតាំងចិត្តត្រៀមប្រឡងចូលរៀនផ្នែកវិស្វករដែលខ្ញុំចូលចិត្ត គិតថាពេលដែលប្រឡងជាប់នឹងប្រាប់ដំណឹងល្អដល់នាងហើយសុំទោសនាងតែម្តង ប៉ុន្តែអ្នកណាទៅដឹងថាខ្ញុំពន្យាពេលយូរពេករហូតលែងមានឱកាសទាក់ទងទៅនាង។ ខ្ញុំក៏តាំងចិត្តទៅផ្ទះរបស់នាងដែរ ប៉ុន្តែនាងបែរជាមិននៅផ្ទះ មិនដឹងថានាងទៅណាទេជាច្រើនថ្ងៃដែលខ្ញុំទៅចាំនាងនៅមុខផ្ទះប៉ុន្តែនាងក៏មិននៅរហូត...ពេលដែលបាត់នាងទៅខ្ញុំស្រាប់តែមានអារម្មណ៍ថានឹងនាងខ្លាំងណាស់ នឹកមនុស្សម្នាក់ដែលព្យាយាមញញឹមនិងអត់ទ្រាំគ្រប់យ៉ាងចំពោះខ្ញុំ តែពេលនឹកនាងខ្ញុំក៏បានត្រឹមតែរាប់ប្រអប់បាយដែលនាងផ្ងើរមក វាច្រើនពេករហូតគេពេញផ្ទះ សម្លឹងហើយសម្លឹងទៀតនិយាយម្នាក់ឯងដូចជាមនុស្សឆ្កួត ឆ្កួតខ្លាំងបំផុត ព្រោះពាក្យជាច្រើនដែលខ្ញុំនិយាយម្នាក់ឯង គឺមិនដែលហ៊ាននិយាយទៅកាន់នាងទេ។
ព្រឹកនេះ...នាងផ្ញើរអាហារពេលព្រឹកមកមួយប្រអប់ទៀតហើយបន្ទាប់ពីបាយប្រអប់នោះបាត់មុខទៅជាច្រើនថ្ងៃ ប៉ុន្តែថ្ងៃនេះខ្ញុំស្រាប់តែមានអាម្មណ៍ថាប្លែកៗយ៉ាងម៉េចមិនដឹងទេ។
«បាត់ទៅណាយូរហើយ ពេលនេះត្រឡប់មកដូចដើមវិញហើយមែនទេ?» ខ្ញុំសួរស្រាលៗម្នាក់ឯង ព្រោះសង្ឃឹមថា ម៉ានីន នឹងត្រឡប់មកដូចពីមុនវិញ ព្រោះខ្ញុំគ្មានមធ្យោបាយណាទាក់ទងនឹងឡើយ។
«ហ្អាក...! ឧត្តមឯងនៅហ្នឹងទេ អត់ទៅប្រលានយន្តហោះទេ?»
វណ្ណៈដើរចូលមកព្រមទាំងសួរខ្ញុំទាំងជ្រួញចិញ្ចើម ខ្ញុំក៏បានតែងើបមុខឡើងសម្លឹងគេវិញទាំងជ្រួញចិញ្ចើមដូចគ្នា មុននឹងសួរបកទៅវិញ។
«ទៅធ្វើអី?»
«ហ្អាក...ថ្ងៃហ្នឹង ម៉ានីន ទៅប្រទេសចិនហើយ ឯងនៅហ្នឹងអត់ជូនដំណើរនាងទេ?»
«ថាម៉េច?» ខ្ញុំស្ទុះក្រោកឡើងទាំងញ័រជើង សួរគេម្តងទៀតសង្ឃឹមងថាអ្វីដែលបានស្តាប់លឺគ្រាន់តែជារឿងយល់ច្រឡំ។
«ថ្ងៃនេះនាងឡើងយន្តហោះហើយ ទំនងចេញបាត់ហើយដឹងថ្មាលហ្នឹង គ្នាជូនដំណើរនាងដែរ ប៉ុន្តែព្រឹកមិញជាប់ជូនម៉ាក់ទៅធ្វើតេស្តសុខភាព ហើយឯងកើតអី គ្នាទៅទាំងមូលនៅសម្ងំនៅផ្ទះដូចអត់ដឹងខ្យល់ អត់ដឹងល្ហើយអីសោះ»
«បើអត់ដឹងមែន...!» ខ្ញុំប្រាប់តែប៉ុណ្ណឹងបន្ទាប់មកក៏ស្ទុះវឹងតម្រង់ទៅម៉ូតមុននឹងឡើងប្រញាប់បើកចេញទៅភ្លាមទាំងបេះដូងលោតញាប់សង្ឃឹមថានាងមិនទាន់ចាកចេញទៅចុះ ពេលនេះខ្ញុំពិតជាភ័យខ្លាំងណាស់ ខ្លាចថាសូម្បីតែមុខរបស់នាងក៏មិនបានឃើញ ខ្ញុំមិនដឹងទេថានាងទៅប្រទេសចិនធ្វើអ្វី ព្រោះដំណឹងដែលទទួលបានមិនជាក់លាក់ តែអ្វីដែលខ្ញុំដឹងពេលនេះ គឺធ្វើយ៉ាងណាតាមនាងអោយទាន់។
ខ្ញុំមួរហ្គ៊ែរ ដើម្បីបន្ថែមល្បឿនកាន់តែលឿន ទេវតាអើយសុំកុំទាន់អោយនាងចេញទៅណាអី កុំទាន់អោយនាងចាកចេញអី ខ្ញុំមិនទាន់បានសុំទោសនាងទេ មិនទាន់ប្រាប់នាងទេថាខ្ញុំរកមនុស្សស្រីម្នាក់ដើម្បីបំភ្លេចអ្នកចាស់បានហើយ មនុស្សស្រីម្នាក់ដែលធ្វើអោយខ្ញុំនឹកគេ ជំនួសមនុស្សក្បត់ម្នាក់នោះ...។
-----------------
ជួបគ្នាភាគបញ្ចប់នៅថ្ងៃស្អែកណា
cr: មយូរា
ភាគទី១ចុចទីនេះ
0 Comments